(ភ្នំពេញ)៖ ក្លិបបឹងកេត បានប្រកាសបន្ដកិច្ចសន្យាថ្មីទៀតដល់កីឡាករបរទេសដំបូង សម្រាប់ត្រៀមរដូវកាលថ្មី គឺខ្សែការពារជប៉ុន Mizuno Hikaru ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយក្រុមនាគខៀវគ្រងជើងឯកពានលីគកំពូលកម្ពុជា ២សម័យកន្លងទៅ។

Mizuno Hikaru បានចូលរួមជាមួយបឹងកេត តាំងពីឆ្នាំ២០១៧ ហើយបានជួយក្រុមលើកពានក្នុងឆ្នាំនោះតែម្ដង។ បន្ទាប់មកខ្សែការពារចាស់វស្សារូបនេះ បានជួយក្រុមនាគខៀវនេះ ទទួលបានជើងឯករងនៅឆ្នាំ២០១៨ និងចំណាត់ថ្នាក់លេខ៤ ក្នុងឆ្នាំ២០១៩ មុនជួយក្រុមគ្រងជើងឯកលីគកំពូលកម្ពុជាម្ដងទៀត ក្នុងរដូវកាលឆ្នាំ២០២០ កន្លងទៅ។

ដូច្នេះបូកទាំងរដូវកាលឆ្នាំ២០២១ ខាងមុខ អតីតសមាជិកក្រុមព្រះខ័នរាជស្វាយរៀងរូបនេះ បានចំណាយពេល ៥ឆ្នាំហើយ ជាមួយក្រុមបឹងកេត ហើយក៏ជាលើកទី២ ដែល Mizuno ត្រូវរួមដំណើរជាមួយក្រុមជើងឯក ៤សម័យនេះចូលរួមការប្រកួត AFC Cup នាឆ្នាំ២០២១ ផងដែរ។

នេះគឺជាលើកដំបូងហើយដែលបឹងកេត បានបន្ដកិច្ចសន្យាដល់កីឡាករបរទេស សម្រាប់ត្រៀមរដូវកាលថ្មី ដ្បិតកន្លងមកគ្រូបង្វឹក លោក គីម ភក្ដី ធ្លាប់បង្ហើបថា អាចនឹងមានការផ្លាស់ប្ដូរកីឡាករបរទេសមួយចំនួន តែមិនទាន់ដឹងកីឡាកររូបណាត្រូវចាកចេញនោះទេ។

ចំពោះកីឡាករបរទេសដែលបានរួមចំណែកជួយក្រុមលើកពានឆ្នាំ២០២០ ក្រៅពី Mizuno គឺមានខ្សែប្រយុទ្ធអាហ្វ្រិកខាងត្បូង Mothusi Gopane, ខ្សែប្រយុទ្ធជប៉ុន Kanta Yamazaki, ខ្សែការពារកូឌីវ័រ Anderson Zogbe និងកីឡាករ Dzarma Bata ដែលខ្ចីជើងពីអង្គរថាយហ្គឺរ ក្នុងជើងទី២ ឆ្នាំ២០២០។

គួរបញ្ជាក់ថា មកទល់ពេលនេះ បឹងកេតនៅមិនទាន់បង្ហាញកីឡាករបរទេសចំណូលថ្មីនោះទេ មុនប្រកាសបន្ដកិច្ចសន្យាដល់ Mizuno ដោយពួកគេទើបនាំចូលកីឡាករក្នុងស្រុកម្នាក់ប៉ុណ្ណោះ គឺខ្សែប្រយុទ្ធវ័យក្មេង សាន គឹមហេង ដែលជាអតីតយុវជនសាលាបាល់ទាត់ជាតិបាទី និងក្រុមវិសាខា៕