(ក្រុងឡុងដ៍)៖ កីឡាករចាំទីថ្លៃជាងគេនៅ Premier League, Kepa Arrizabalaga នឹងត្រូវបានអ្នកចាត់ការទូទៅ Frank Lampard ប្រកាសដាក់ឲ្យចូលលេងវិញក្នុងប្រកួតបង្រ្គប់កិច្ចក្នុងយុទ្ធនាការ UEFA Champions League ទល់នឹង FK Krasnodar រាត្រីថ្ងៃអង្គារនេះ។

កីឡាករអន្តរជាតិអេស្ប៉ាញ វ័យ ២៦ឆ្នាំ Kepa បានបាត់បង់តំណែងក្នុងជម្រើស ១១នាក់ដំបូង បន្ទាប់ពីបានបង្កកំហុសញឺកញាប់ និងញាំញីដោយបញ្ហារបួសស្មាថែមទៀត ដែលត្រូវបានជំនួសដោយកីឡាករចាំទី Edouard Mendy ដែលត្រូវបានទិញពីក្លិប Rennes របស់បារាំង។

Kepa ដែលត្រូវបានក្លិបតោខៀវ Chelsea ទិញពីក្លិប Athletic Bilbao ក្នុងតម្លៃខ្ពស់កប់ពពក ៧១លានផោនកាលឆ្នាំ២០១៨ ទើបតែបានចូលលេង ៣ប្រកួតប៉ុណ្ណោះនៅ Premier League និងមិនទាន់បង្ហាញខ្លួនទេនៅ Champions League រដូវកាលនេះ។

Kepa បានចូលលេងប្រកួតចុងក្រោយពេល Chelsea ប្រកួតស្មើ ៣-៣ ទល់នឹង Southampton កាលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ក្នុងលីគកំពូលអង់គ្លេស Premier League៕