(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស ត្រូវបានចាប់ឆ្នោតស្ថិតក្នុងពូលជាមួយប៉ូឡូញនៃវគ្គជម្រុះ World Cup 2022 ប្រចាំទ្វីបអឺរ៉ុប (UEFA) ដែលប្រទេសកាតាត្រៀមធ្វើម្ចាស់ផ្ទះ។

ក្រុមរហស្សនាម «តោ៣» ត្រូវបានចាប់ឆ្នោតតំណាងក្បាលពូល ប្រចាំពូល I ដោយសារមានចំណាត់ថ្នាក់ខ្ពស់ជាងគេផងដែរក្នុងតារាង FIFA World Ranking និង ៥ក្រុមផ្សេងទៀតដែលត្រូវចាប់ឆ្នោតស្ថិតក្នុងពូលជាមួយគ្នារួមមាន ប៉ូឡូញ ហុងគ្រី អាល់បានី អង់ដូរ៉ា និងសាំងម៉ារ៉ាំង។

ការប្រកួតជម្រុះវគ្គសន្សំពិន្ទុប្រចាំពូលនីមួយៗ ដើម្បីស្វែងកៅអីទៅលេងជុំផ្តាច់ព្រ័ត្រនឹងត្រូវធ្វើឡើងចាប់ពីខែមីនា ដល់ខែវិច្ឆិកា ឆ្នាំ២០២១ គ្រាដែលវគ្គជម្រុះជុំទី២ នឹងត្រូវធ្វើឡើងនៅខែមីនា ឆ្នាំ២០២២។

គួររំលឹកផងថា នេះគឺជាលើកទី៥ ហើយដែលអង់គ្លេសស្ថិតក្នុងពូលលេងជម្រុះជាមួយប៉ូឡូញគិតចាប់តាំងពី World Cup 1974 1990 1994 2006 និងឆ្នាំ២០១៤ ផងដែរ ខណៈក្រុមខ្លាំងនៅអឺរ៉ុបទាំងពីរខាងលើនេះក៏ធ្លាប់ជួបគ្នាជុំផ្តាច់ព្រ័ត្រកាល World Cup 1986 ដែលមានមិចសិចធ្វើម្ចាស់ផ្ទះ។

មួយវិញទៀត ប៉ូឡូញកំពុងមានកីឡាករខ្សែប្រយុទ្ធកំពុងឡើងជើង Robert Lewandowski ដែលស៊ុតបាន ៧០គ្រាប់ ពីការចូលលេងបាន ៦១នារដូវកាលមុន ដែលបានជួយក្លិបអាជីព Bayern Munich ឈ្នះពានដល់ទៅ ៥ក្នុងរដូវកាលថែមទៀតផង៕