(កោះកុង)៖ ផ្ដើមចេញពីទំនាក់ទំនងល្អ និងមានទិសដៅស្របគ្នាក្នុងការអភិវឌ្ឍន៍បាល់ទាត់ បានជំរុញឲ្យលោក ហុក សុជីវ័ន សម្រេចចិត្តចូលរួមដឹកនាំក្រុមកោះកុងអែហ្វស៊ី ក្រោយសម្រាកអស់រយៈពេលជាង ១រដូវកាលកន្លងទៅ។ នេះបើតាមការបញ្ជាក់របស់អតីតគ្រូបង្វឹកក្រុមវិសាខា បន្ទាប់ពីត្រូវក្រុមកោះកុងអែហ្វស៊ី ប្រកាសតែងតាំងលោកជាអ្នកចាត់ការទូទៅក្រុមនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០។

អតីតគ្រូបង្វឹកក្រុមជម្រើសជាតិ U-19 កម្ពុជារូបនេះបានឲ្យដឹងថា ក្រោយចែកផ្លូវជាមួយវិសាខា រហូតដល់លោកវះជង្គង់ (ACL) និងព្យាបាលជាសះស្បើយ ធ្លាប់មានក្លិបមួយនៅឥណ្ឌា និងក្លិបក្នុងស្រុកមួយចំនួន បានទាក់ទងលោកទៅដឹកនាំដែរ តែត្រូវបរាជ័យ ដោយសារជជែកលក្ខខណ្ឌមិនត្រូវគ្នា។ ប៉ុន្ដែលោករីករាយក្នុងការដឹកនាំក្រុមកោះកុងអែហ្វស៊ី ដ្បិតថ្នាក់ដឹកនាំក្រុមនេះ មានទិសដៅច្បាស់លាស់ក្នុងការអភិវឌ្ឍន៍បាល់ទាត់ និងបណ្ដុះបណ្ដាលយុវជនក្នុងខេត្ត។

គ្រូបង្វឹកកាន់សញ្ញាបត្រកម្រិត A-License រូបនេះបានបន្ដថា «ដោយយើងមានទំនាក់ទំនងជាមួយគ្នាយូរហើយ ទាំងក្រុមការងារ និងថ្នាក់ដឹកនាំខេត្ត ហើយគាត់ក៏ចង់បានយើងមក អញ្ចឹងទំនាក់ទំនងនេះ យើងក៏បានពិភាក្សាគ្នាពីគោលដៅ និងផលលំបាកផ្សេងៗរហូតឈានដល់ការសម្រេចចិត្តរៀងខ្លួន ក្នុងការជួយគ្នាទៅវិញទៅមក សម្រាប់ក្លិបក៏ជួយយើង ហើយយើងក៏ជួយក្លិបវិញ ដើម្បីរៀបចំ និងពង្រឹងសមត្ថភាពឲ្យក្លិបរឹងមាំសម្រាប់ថ្ងៃអនាគត ពិសេសជំរុញវិស័យបាល់ទាត់ខេត្តកោះកុងឲ្យមានសន្ទុះខ្លាំង»

លោក ហុក សុជីវ័ន បញ្ជាក់ថា ក្រុមកោះកុងអែហ្វស៊ី គឺមានធនធានកីឡាករល្អៗច្រើនគួរសម ដែលអាចអភិវឌ្ឍន៍ខ្លួនបានលឿន។ ម្យ៉ាងពួកគេ ក៏ចង់ក្លាយជាកីឡាករតំណាងខេត្តដ៏មានសក្ដានុពលមួយនេះដែរ។ ហេតុនេះលោកមានសុទិដ្ឋិនិយម ក្នុងការរួមចំណែអភិវឌ្ឍន៍ពួកគេឲ្យក្លាយជាកីឡាករថ្នាក់ជាតិ។ ប៉ុន្ដែទិសដៅរបស់លោក មិនមែនត្រឹមការប្រកួតលីគទី២ ឆ្នាំ២០២០ នោះទេ លោកផ្ដោតការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត, ការប្រកួតលីគទី២ កម្ពុជា និងពានរង្វាន់ផ្សេងៗទៀតនាឆ្នាំ២០២១ ថែមទៀត។

លោកសង្កត់ធ្ងន់ថា «គោលដៅរបស់យើង តែងតែចង់បានទៅលេងលីគកំពូល តែអ្វីដែលជាការចាំបាច់ គឺយើងត្រូវការបណ្ដុះបណ្ដាលកីឡាករក្នុងខេត្ត ដែលមានក្នុងដៃយើងស្រាប់ ដើម្បីឈានដល់ដំណាក់កាលមួយ ដែលយើងអាចប្រកួតប្រជែងជាមួយកីឡាករថ្នាក់ជាតិបាន។ ចឹងយើងត្រូវការពេលវេលាបន្ដិច បើសិនជាពួកគាត់អភិវឌ្ឍន៍ខ្លួនបានលឿន យើងអាចប្រកួតប្រជែងឈានទៅរកថ្នាក់ជាតិ ឬលីគកំពូលបានលឿន។ តែអ្វីៗក៏អាស្រ័យលើថ្នាក់ដឹកនាំ ដែលមានខ្ទង់នៃការអភិវឌ្ឍន៍បាល់ទាត់យើង អាចធ្វើបានកម្រិតណា...»។

គួរបញ្ជាក់ថា លោក ហុក សុជីវ័ន គឺជាគ្រូបង្វឹកកម្ពុជាដ៏មានបទពិសោធម្នាក់ ធ្លាប់ជាគ្រូបង្វឹកអតីតក្រុមវេស្ទើន ក៏ដូចជាគ្រូជំនួយក្លិបត្រាយអាស៊ី ក្លិប Albirex Niigata PP ព្រមទាំងធ្លាប់ដឹកនាំក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៩ឆ្នាំកម្ពុជា ចូលរួមការប្រកួតពានរង្វាន់ AFF U-19 Youth Championship 2015 ទៀតផង។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ លោកធ្លាប់ដឹកនាំក្រុមវិសាខា ឈ្នះជើងឯកលីគទី២ កាលពីឆ្នាំ២០១៧ ដែលនាំឲ្យក្រុមសេះជំទង់នេះ មានឱកាសឡើងមកលេងលីគកំពូលកម្ពុជា តាំងពីឆ្នាំ២០១៨ រហូតមកទល់បច្ចុប្បន្ន៕