(ប៉េកាំង)៖ តាមរយៈបេសកកម្មឆាងអឺ-៥ (Chang'e-5) ពេលនេះប្រទេសចិនមានទង់ជាតិក្រណាត់ពិតប្រាកដមួយ ដែលបន្សល់ទុកនៅលើផ្ទៃព្រះច័ន្ទ ខណៈបេសកកម្មកន្លងៗមករបស់ចិន ទៅឋានព្រះច័ន្ទ ពុំមានការនាំយកទង់ជាតិបែបនេះ ទៅជាមួយឡើយ។ នេះបើតាមការចេញផ្សាយ ដោយវែបសាយព័ត៌មាន Space នៅថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០។
ទង់ខាងលើជាមានខ្នាតតូច ជាទង់ជាតិរបស់ប្រទេសចិន ដែលមានទម្ងន់ត្រឹម ១២ក្រាមប៉ុណ្ណោះ។ វាអាចរក្សាពណ៌របស់វាបាន នៅក្រោមសីតុណ្ហភាព ១៥០អង្សាសេក្រោមសូន្យ ឬក៏លើសូន្យ។ ទង់ជាតិនេះមិនត្រូវបានដោត នៅលើផ្ទៃដីនៃឋានព្រះច័ន្ទផ្ទាល់ឡើយ គឺត្រូវបានភ្ជាប់នៅលើយានចុះចត (Lander) នៃបេសកកម្ម Channg'e-5 ដែលត្រូវស្ថិតនៅលើផ្ទៃព្រះច័ន្ទជារៀងរហូត។
គួរបញ្ជាក់ថា សម្រាប់បេសកកម្មកន្លងមកដូចជា Chang'e-3 និង Chang'e-4 គឺមានត្រឹមតែជារូបភាពទង់ជាតិចិន នៅលើយានទាំងនោះប៉ុណ្ណោះ ខណៈបេសកកម្ម Chang'e-5 ចិនបានយកទង់ក្រណាត់ពិតៗ ទៅតម្កល់លើផ្ទៃព្រះច័ន្ទតែម្តង បើទោះបីជាវាមានទំហំតូចក៏ដោយ។
ដោយឡែកពាក់ព័ន្ធនឹងស្ថានភាពនៃបេសកកម្ម Chang'e-5 វិញ នាពេលនេះ គឺយានផ្កាយរណប (Orbiter) កំពុងតែបន្តគោចរជុំវិញព្រះច័ន្ទ ដោយរង់ចាំចន្លោះពេលវេលាសមស្រប ដើម្បីឆ្ពោះមកកាន់ភពយើងវិញ ជាមួយគំរូតាងព្រះច័ន្ទទម្ងន់ ០២គីឡូក្រាម។ ពេលមកដល់ផែនដី នៅខ្ទង់ពាក់កណ្តាលខែធ្នូនេះ គំរូតាងនឹងត្រូវទម្លាក់មកលើខេត្តស្វយ័ត Inner Mongolia នៃភាគខាងជើងប្រទេសចិន។ ប្រសិនបើវាទទួលជោគជ័យ នោះចិននឹងក្លាយជាប្រទេសទី ៣ បន្ទាប់ពីអាមេរិក និងអតីតសហភាពសូវៀត ដែលបាននាំយកគំរូតាងពីព្រះច័ន្ទ មកកាន់ភពផែនដី៕