(វ៉ាស៉ីនតោន)៖ ក្រុមហ៊ុន Twitter នៅថ្ងៃចន្ទ ទី០៧ ខែធ្នូ បានប្រកាសថា វិបត្តិជំងឺរាតត្បាតជាសកលគឺ COVID-19 និងចលនា Black Lives Matter ស្ថិតនៅកំពូលតារាងនៃប្រធានបទពិភាក្សាលើប្រព័ន្ធបណ្តាញសង្គមរបស់ខ្លួន សម្រាប់ក្នុងឆ្នាំ២០២០នេះ ដែលជាឆ្នាំដ៏វឹកវរមួយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០។

Twitter បានបញ្ជាក់ថា hashtag #COVID19 និង hashtag ស្រដៀងៗគ្នាដទៃទៀត ត្រូវបានអ្នកប្រើប្រាស់ភ្ជាប់ក្នុងសារនៅលើ Twitter ដល់ទៅជិត ៤០០លានដង គឺជាចំនួនច្រើនលើសគេ ខណៈ #StayHome គឺជា hashtag ធំជាងគេទី៣ ដែលត្រូវបានប្រើប្រាស់ក្នុងឆ្នាំនេះ។ សម្រាប់ hashtag ចំណាត់ថ្នាក់លេខពីរប្រចាំឆ្នាំ២០២០វិញ គឺ #BlackLivesMatter ដែលបានរីកសុះសាយជុំវិញពិភពលោក ក្រោយការស្លាប់របស់បុរសស្បែកខ្មៅលោក George Floyd ក្រោមស្នាដៃប៉ូលិសស្បែកស ក្នុងទីក្រុង Minneapolis នៃរដ្ឋ Minnesota របស់អាមេរិក។

គួរបញ្ជាក់ថា បើតាម Twitter សម្រាប់សារដែលត្រូវបានគេចែកចាយតៗគ្នាច្រើនជាងគេបង្អស់ប្រចាំឆ្នាំ២០២០នេះ គឺសារដែលប្រកាសពីមរណភាពរបស់តារាហូលីវូដក្នុងខ្សែភាពយន្ត Black Panther ដ៏ល្បី គឺលោក Chadwick Boseman កាលពីខែសីហាកន្លងទៅ។ វាក៏ជាសារដែលទទួលបានចំនួន Like ច្រើនលើសលុបបំផុតក្នុងប្រវត្តិសាស្រ្តផងដែរ គឺចំនួន៧.៥លាន Like៕