(វ៉ាស៉ីនតោន)៖ ក្រុមហ៊ុនអវកាសអាមេរិក SpaceX នឹងទទួលបានជំនួញហិរញ្ញវត្ថុចំនួន៨៨៥.៥លានដុល្លារ ពីគណៈកម្មការទូរគមនាគមន៍ FCC របស់ រដ្ឋាភិបាលអាមេរិក ដើម្បីគាំទ្រដល់គម្រោងកសាងបណ្តាញផ្កាយរណបអ៉ីនធើណិត Starlink របស់ SpaceX។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០។

ទឹកប្រាក់ដែលក្រុមហ៊ុន SpaceX នឹងទទួលបាន គឺស្ថិតក្រោមកម្មវិធីដេញថ្លៃដំណាក់កាលទី១ ដែលមានទំហំសរុប៩.២ពាន់លានដុល្លារ ហើយជាផ្នែកនៃគម្រោងមូលនិធិសម្រាប់ផ្តល់ឱកាសអភិវឌ្ឍន៍បែបឌីជីថលនៅតាមទីជនបទអាមេរិក ហៅថា Rural Digital Opportunity Fund របស់គណៈកម្មការ FCC ដែលមានទំហំ២០.៤ពាន់លានដុល្លារ។ ទឹកប្រាក់នៃគម្រោងមូលនិធិនេះ នឹងត្រូវចែកចាយក្នុងអំឡុងពេល១០ឆ្នាំខាងមុខ។

កម្មវិធីដេញថ្លៃដំណាក់កាលទី១ នៃគម្រោងមូលនិធិខាងលើ ក៏ជាផ្នែកនៃកិច្ចប្រឹងប្រែងរបស់គណៈកម្មការ FCC ក្នុងការជំរុញឲ្យក្រុមហ៊ុន ផ្តល់សេវាអ៉ីនធើណិតនៅក្នុងសហរដ្ឋអាមេរិក ព្យាយាមនាំយកសេវាកម្មពួកវាទៅកាន់តំបន់ដាច់ស្រយាលឆ្ងាយៗ ដែលពិបាកនឹងទៅដល់ផងដែរ។

គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងបណ្តាញ Starlink របស់ SpaceX វិញ គឺក្រុមហ៊ុនអវកាសនេះបានបញ្ជូនផ្កាយរណបខ្ទង់រាប់រយគ្រឿងហើយឡើងទៅកាន់ទីអវកាស ហើយកំពុងតែស្ថិតក្នុងដំណាក់កាលធ្វើតេស្តផ្តល់សេវាកម្មជាបណ្តើរៗ។ ក្រុមហ៊ុន SpaceX ដែលជារបស់មហាសេដ្ឋីអាមេរិក លោក Elon Musk មានផែនការបាញ់បង្ហោះផ្កាយរណបសរុបចន្លោះ១២,០០០-៤២,០០០គ្រឿង ក្នុងអំឡុងពេល៧ឆ្នាំខាងមុខ ជាមួយគោលដៅផ្តល់សេវាអ៉ិនធើណិតល្បឿនលឿន ដល់គ្រប់ទីកន្លែងនៅលើផែនដី មិនថាតែនៅក្នុងសហរដ្ឋអាមេរិកនោះទេ៕