(ភ្នំពេញ)៖ យោងតាមសេចក្ដីថ្លែងការណ៍រួម របស់សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យាកម្ពុជា ដោយមានការសហការយ៉ាងជិតស្និទ្ធពីធនាគារជាតិនៃកម្ពុជា ក្នុងគោលដៅរួមចំណែក ជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ (AMK) បានអនុញ្ញាតឲ្យអតិថិជនទាំងអស់ អាចធ្វើប្រតិបត្តិការ ដាក់ប្រាក់ចូលបាគងវ៉ាឡេត និងវេរលុយពីគណនី អេ អឹម ខេ ទៅកាន់គណនីធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ដែលជាសមាជិករបស់ប្រព័ន្ធទូទាត់បាគង ដោយមិនគិតកម្រៃសេវា ចាប់ពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ នេះតទៅរហូតដល់មានការជូនដំណឹងជាថ្មី។

តាមរយៈការមិនយកកម្រៃសេវានេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ធ្វើឡើងក្នុងគោលបំណង ចូលរួមសម្រួលដល់ការទូទាត់ អេឡិចត្រូនិកឆ្លងគ្រឹះស្ថាន ឲ្យកាន់តែមានភាពងាយស្រួលជាងមុខ សុវត្ថិភាព និងចំណេញពេលវេលា ដើម្បីជួយជំរុញ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ឲ្យប្រើប្រាស់ការទូទាត់តាមបែបឌីជីថល ជំនួសឲ្យការទូទាត់ជាសាច់ប្រាក់ ដែលវាជាវិធីសាស្រ្ត មួយដែលបានចូលរួមចំណែកដ៏សំខាន់ ក្នុងការជួយទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ផងដែរ។

គួរបញ្ជាក់ផងដែរថា តាមរយៈការប្រើប្រាស់កម្មវិធីធនាគារចល័ត អេ អឹម ខេ (AMK Mobile Banking App) មិនត្រឹមតែអនុញ្ញាតឲ្យអតិថិជន អាចវេរលុយទៅកាន់គណនីរបស់ដៃគូនៅស្ថាប័នផ្សេងទេ ថែមទាំងអនុញ្ញាតឲ្យអតិថិជន អាចធ្វើប្រតិបត្តិការបានច្រើនប្រភេទដូចជា វេរលុយទៅអ្នកដែលមានគណនី អេ អឹម ខេ ដូចគ្នាដោយមិនគិតកម្រៃសេវា ឬវេរលុយទៅកាន់លេខទូរស័ព្ទ ដែលអ្នកទទួលអាចដកប្រាក់បានច្រើនកន្លែងទូទាំងប្រទេស។

លើសពីនេះទៀតសោត អតិថិជនក៏អាច បង់វិក្កយបត្រទឹក ភ្លើង សំរាម ថ្លៃសេវាអ៊ីនធឺណិត ទូរទស្សន៍ខ្សែកាប ឬ បញ្ចូលលុយទូរស័ព្ទដៃសម្រាប់ប្រព័ន្ធ Smart Cellcard Metfone Seatel និង Excel ដែលទាំងនេះគឺជាដំណោះស្រាយដ៏ល្អមួយ ហើយវាក៏ជាកត្តាមួយដ៏សំខាន់ផងដែរ ដែលបានចូលរួមកាត់បន្ថយនូវការប៉ះពាល់ទៅលើសាច់ប្រាក់ ដែលអាចនាំឲ្យមានការឆ្លងមេរោគផ្សេងៗ។ មិនតែប៉ុណ្ណោះ អតិថិជនទាំងអស់ក៏អាចទទួល បាននូវការបម្រើសេវាកម្មទាំងអស់ខាងលើនេះបាន នៅគ្រប់បញ្ជរការិយាល័របស់ អេ អឹម ខេ ផងដែរ។ ដូចគ្នាដែរ អតិថិជនដែលមានគណនី អេ អឹម ខេ ទាំងអស់ក៏អាចទទួលការទូទាត់ពីដៃគូម្ខាងទៀតបានភ្លាមៗ និង កាន់តែងាយស្រួលដោយគ្រាន់តែប្រាប់នូវលេខគណនី អេ អឹម ខេ របស់ខ្លួនទៅដៃគូម្ខាងទៀត។ រី៑ឯដៃគូម្ខាងទៀងនឹងធ្វើការ វេរលុយចូលគណនី អេ អឹម ខេ របស់ខ្លួន តាមរយៈស្ថាប័នដែលជាសមាជិក របស់ប្រព័ន្ធទូទាត់បាគង។

ទន្ទឹមនឹងនេះផងដែរ សម្រាប់អតិថិជនដែលបានប្រើប្រាស់កម្មវិធីធនាគារចល័ត អេ អឹម ខេ (AMK Mobile Banking App) អាចធ្វើការទូទាត់តាមរយៈការស្កេន QR Code នៅតាមបណ្ដាហាងអាជីវករដែលជាដៃគូអាជីវកម្មរបស់ អេ អឹម ខេ ក៏ដូចជាអាជីវកររបស់សមាជិកបាគងដែលបានដាក់បំពាក់នូវបាគង QR Code សម្រាប់ទទួលយកការទូទាត់ពីអតិថិជនជាអ្នកទិញទំនិញ ឬ សេវាកម្ម ដោយមិនចាំបាច់ធ្វើការទូទាត់ជាសាច់ប្រាក់ឡើយ។

អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជន។ គិតត្រឹមខែតុលា ឆ្នាំ ២០២០ អេ អឹម ខេ មានអតិថិជនសរុបចំនួនជាង ៩០ម៉ឺននាក់ ជាមួយនឹងផលប័ត្រប្រាក់កម្ចីជាង ៣៦៣ លានដុល្លារអាមេរិក និងប្រាក់បញ្ញើជាង ១៩៧លាន ដុល្លារអាមេរិក មានការិយាល័យប្រតិបត្តិការចំនួន ១៤៩ កន្លែង និងមានភ្នាក់ងារជិត ៥,០០០ កន្លែងនៅទូទាំងប្រទេស។ អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើនកំពុងផ្តល់ជូនអតិថិជន ដូចជាសេវាប្រាក់កម្ចី ប្រាក់សន្សំ សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាទូទាត់វិក្កយបត្រ សេវាបង់រំលស់ ធានារ៉ាប់រងខ្នាតតូច ធនាគារចល័ត សេវាបើកប្រាក់បៀវត្សរ៍ ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs) និងពិសេសគឺកម្មវិធីធនាគារចល័ត អេ អឹម ខេ AMK Mobile Banking App ។

ដើម្បីដោនឡូតយកកម្មវិធីធនាគារចល័ត អេ អឹម ខេ អតិថិជនគ្រាន់តែចូលទៅកាន់ Apple Store ឬ Play Store ដើម្បីដោនឡូត និង តំឡើងកម្មវិធីជាការស្រេច។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ ផ្នែកសេវាកម្មទំនាក់ទំនង អតិថិជន អេ អឹម ខេ តាមរយៈលេខ 023 220 202 ឬ 1800 200 200៕