(ភ្នំពេញ)៖ ក្លិបធំៗចំនួន៥ (Top-5) នៃលីគកំពូលកម្ពុជា ឆ្នាំ២០២០ រួមមានក្លិបបឹងកេត, ព្រះខ័នរាជស្វាយរៀង, ភ្នំពេញក្រោន, កងយោធពលខេមរភូមិន្ទ និងវិសាខា បានប្រកាសបរិច្ចាគថវិកាជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩។

ចំពោះក្លិបជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២០ បឹងកេត បានបរិច្ចាគថវិកាចំនួន ១ពាន់ដុល្លារ ខណៈក្រុមជើងឯករងព្រះខ័នរាជស្វាយរៀង បរិច្ចាគថវិកាចំនួន ១ម៉ឺនដុល្លារ។ ឯក្រុមលេខ៣ ភ្នំពេញក្រោន ដែលមានលោកឧកញ៉ា កុក អាន ជាស្ថាបនិកក្លិបបានបរិច្ចាគថវិកាចំនួន ១លានដុល្លារ។

ចំណែកក្រុមកងយោធពលខេមរភូមិន្ទ ដែលទទួលបានចំណាត់ថ្នាក់លេខ៤ នៃលីគឆ្នាំ២០២០ បានបរិច្ចាគថវិកា ២ពាន់ដុល្លារ គ្រាដែលក្រុមចំណាត់ថ្នាក់លេខ៥ ក្នុងលីគ និងជាជើងឯកពានសម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ គឺក្រុមវិសាខា បានបរិច្ចាគថវិកាចំនួន ១ម៉ឺនដុល្លារ។

ការបរិច្ចាគនេះ ធ្វើឡើងបន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន បានប្រកាសត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ ជាជំហានដំបូងចំនួន ១លានដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃកាលពីល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ ស្របពេលជំងឺដ៏កាចសាហាវនេះ បានឆ្លងចូលសហគមន៍កម្ពុជា។

គួរបញ្ជាក់ថា ក្នុងយុទ្ធនាការមនុស្សធម៌ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល ពិសេសសម្ដេចតេជោ ហ៊ុន សែន ក្រៅពីក្លិបខាងលើ គេឃើញមានកីឡាករ និងសហព័ន្ធកីឡាជាតិមួយចំនួន បានចូលរួមបរិច្ចាគតាមលទ្ធភាពជាបន្ដបន្ទាប់ផងដែរ៕