(អាមេរិក)៖ ក្រុមហ៊ុន Apple បានគំរាមដកកម្មវិធីជាច្រើនចេញពី App Store បើសិនជាកម្មវិធីទាំងនោះមិនគោរពទៅតាមគោលការ និងច្បាប់ថ្មីដែលគ្រោងនឹងដាក់ឱ្យប្រើប្រាស់ខាងមុខឆាប់ៗនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ ។

ក្រុមហ៊ុន Apple គោងនឹងដាក់ចេញនូវច្បាប់ថ្មី ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់មានសិទ្ធបិទ ឬរារាំងការផ្សាយពាណិជ្ជកម្មនៅលើកម្មវិធី (Apps) ដែលច្បាប់ថ្មីនោះមានឈ្មោះថា App Tracking Transparency ដោយគ្រោងដាក់ចេញនៅឆ្នាំនេះ ប៉ុន្តែត្រូវបានពន្យារពេលដើម្បីផ្តល់ឱ្យអ្នកអភិវឌ្ឍន៍ (Developers) នូវពេលវេលាបន្ថែមទៀតដើម្បីធ្វើការផ្លាស់ប្តូរកម្មវិធី និងដោះស្រាយបញ្ហាឯកជនភាពជាច្រើនផងដែរ។

ច្បាប់ថ្មីនេះអាចនឹងប៉ះពាល់ដល់ប្រយោជន៍របស់ក្រុម អ្នកអភិវឌ្ឍន៍ (Developers) និងក្រុមហ៊ុនបច្ចេកវិទ្យា ព្រមក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម ប៉ុន្តែ Apple សម្រេចធ្វើបែបនេះគឺដើម្បីរក្សាតម្លាភាពរវាងអ្នកប្រើប្រាស់ និងអ្នកអភិវឌ្ឍន៍ ព្រោះបើសិនជាអ្នកអភិវឌ្ឍន៍គិតតែពីរឿងរកលុយតាមរយៈការផ្សាយពាណិជ្ជកម្មនោះ វានឹងអាចបាត់បង់អតិថិជន ឬអ្នកប្រើប្រាស់បន្តិចម្ដងៗ។
លោក Craig Federighi អនុប្រធានជាន់ខ្ពស់ផ្នែកវិស្វកម្មសូហ្វវែរនៅក្រុមហ៊ុន Apple បានឱ្យដឹងថា ការដែលតម្រូវឱ្យអ្នកអភវិឌ្ឍន៍គោរពតាមស្តង់ដារនោះ គឺជារឿងល្អបំផុត បើសិនជាពួកគាត់ស្វែងយល់ពីច្បាប់ថ្មីនេះឱ្យបានលម្អិត ៕