(ភ្នំពេញ)៖ ដើម្បីផ្តល់ឱកាសដល់យុវជន ឱ្យទទួលបាននូវការបណ្តុះបណ្តាលទេពកោសល្យ និងស្វែងយល់ពីការប្រើប្រាស់ឧបករណ៍តន្រ្តីបុរាណខ្មែរ ដែលជាអត្តសញ្ញាណជាតិ នៅពេលនេះ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានប្រកាសពីគម្រោង នឹងដាក់ឲ្យដំណើរការកម្មវិធី «មរតកតន្ត្រីបុរាណខ្មែរ» ឡើង។ កម្មវិធីនេះ ត្រូវបានគេចាត់ទុកថា ជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកស្ទួយតន្រ្តីបុរាណខ្មែរ ដែលមានតាំងពីយូរលង់ណាស់មកហើយ។

បើតាមសេចក្តីជូនដំណឹងរបស់សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ដែល Fresh News Plus ទទួលបាននៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ មានកិត្តិយសសូមជូនដំណឹងដល់យុវជន និងសាធារណជន ទាំងអស់ជ្រាបថា ដើម្បីចូលរួមចំណែកកសាងធនធានបន្តវេន ក្នុងវិស័យតូរ្យតន្ត្រីបុរាណ និងបណ្តុះស្មារតីស្រឡាញ់ ថែរក្សាការពារមរតកតន្ត្រីប្រពៃណីជាតិ ព្រមទាំងលើកកម្ពស់សាមគ្គីភាព ភារតភាពជាធ្លុងមួយក្នុងស្រទាប់យុវជនជំនាន់ក្រោយ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ នឹងដាក់ឱ្យដំណើរការកម្មវិធី «មរតកតន្រ្តីយុវជនខ្មែរ» ដែលនឹងផ្តល់ឱកាសដល់យុវជន ឱ្យទទួលបាននូវការបណ្តុះបណ្តាលទេពកោសល្យ និងស្វែងយល់ពីការប្រើប្រាស់ឧបករណ៍តន្រ្តីបុរាណខ្មែរដែលជាអត្តសញ្ញាណជាតិ»។

ទន្ទឹមគ្នានេះ សម្រាប់បេក្ខជនទាំងពីរភេទគឺអាចចុះឈ្មោះចូលរៀនអំពីតន្ត្រីបុរាណខ្មែរ និងការប្រើប្រាស់ឧបករណ៍បុរាណខ្មែរបាន ចាប់ពីអាយុ១៣ដល់៣៥ឆ្នាំ។ ដើម្បីចុះឈ្មោះ បេក្ខជនអាចចូលទៅកាន់លីង https://docs.google.com/.../1FAIpQLSfhGq2kza8W0M.../viewform