(ភ្នំពេញ)៖ កីឡាការិនីស្នូកឃ័រឆ្នើមរបស់កម្ពុជា ស្រួង ភាវី បានទទួលការឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារពីធនាគារអ៊ូរី (woori) នៅសាធារណរដ្ឋកូរ៉េ ហើយលោកស្រីនឹងដកថវិកាមួយចំនួន សម្រាប់ចូលរួមសកម្មភាពមនុស្សធម៌នៅកម្ពុជា។

ប្រាប់ក្រុមការងារព័ត៌មាន Fresh News Plus តាមរយៈសារអេឡិចត្រូនិចនៅព្រឹកថ្ងៃទី០៩ ខែធ្នូនេះ កីឡាការិនី ស្រួង ភាវី បានបញ្ជាក់ថា នេះគឺជាលើកទី២ ហើយ ដែលលោកស្រីត្រូវបានជ្រើសរើសជាកីឡាការិនីឆ្នើមម្នាក់ ដើម្បីទទួលនូវការឧបត្ថម្ភខាងលើ បន្ទាប់ពីធនាគារដ៏ធំនេះ បានសិក្សាល្អិតល្អន់លើចរិតលក្ខណៈ និងគុណសម្បត្តិរបស់លោកស្រី ដែលជាកីឡាការិនីស្នូកឃ័រដ៏ល្បីនៅកូរ៉េ។

ជុំវិញការទទួលបានជំនួយដ៏ច្រើននេះ ភាវី បានបន្ដថា «ដោយសារនៅកូរ៉េ ខ្ញុំល្បីឈ្មោះខ្លាំង។ ម្យ៉ាងដោយកម្ពុជា និងកូរ៉េ មានចំណងមិត្តភាពល្អ ការវិនិយោគទុន និងវិស័យផ្សេងៗ គឺល្អ។ ដល់អញ្ចឹងខាងធនាគារ ឃើញខ្ញុំមានប្រជាប្រិយភាព និងល្បី ធម្មតាយើងល្បី គេតែងចង់បានកីឡាល្បី ដើម្បី Sponsor (ឧបត្ថម្ភ) ឲ្យអញ្ចឹង។ ណាមួយខ្ញុំមានប្រវត្តិល្អ និងចូលរួមការងារសប្បុរសធម៌ ជួយមនុស្សជុំវិញខ្លួនច្រើន ចឹងធនាគារ គាត់ស្រឡាញ់ពេញចិត្តនូវទង្វើល្អ និងចិត្តសប្បុរសធម៌នេះ»។

ម្ចាស់មេដាយសំរឹទ្ធពិភពលោក ឆ្នាំ២០១៨ ដដែលបានសម្ដែងនូវក្ដីរីករាយឥតឧបមា ចំពោះការលើកទឹកចិត្ត ផ្ដល់តម្លៃ និងឧបត្ថម្ភរបស់ធនាគារអ៊ូរី ហើយលោកស្រីបានអះអាងថា នឹងដកថវិកាមួយចំនួន សម្រាប់ជួយប្រជាពលរដ្ឋកំពុងជួបការលំបាកនៅកម្ពុជា និងបរិច្ចាគជួយលើកស្ទួយវិស័យអប់រំ ចំណេះដឹងទូទៅ សម្ភារៈសិក្សាផ្សេងៗដល់សាលានរៀននៅតំបន់ដាច់ស្រយាលជាដើម។

គួរបញ្ជាក់ថា ស្រួង ភាវី គឺជាកីឡាការិនីស្នូកឃ័រឆ្នើមរបស់កម្ពុជា ហើយនាងធ្លាប់ឈ្នះមេដាយថ្នាក់តំបន់ និងពិភពលោកជាច្រើន ពិសេសការឈ្នះមេដាយមាសថ្នាក់ជាតិ នៅកូរ៉េស្ទើរគ្រប់ព្រឹត្តិការណ៍ ដែលនាំឲ្យកីឡាការិនីមានប្រភពពីខេត្តត្បូងឃ្មុំនេះ មានកេរ្ដិ៍ឈ្មោះល្បីខ្លាំង រហូតទទួលបានការឧបត្ថម្ភជាបន្ដបន្ទាប់ ហើយកីឡាការិនីមានស្វាមីជាជនជាតិកូរ៉េនេះ ក៏តែងតែបែងចែកថវិកាទាំងនោះ ចូលរួមសកម្មភាពមនុស្សធម៌នៅកម្ពុជាផងដែរ៕