(កូរ៉េ)៖ មួយរយៈចុងក្រោយនេះ ករណីវិជ្ជមានកូវីដ១៩ជាបន្តបន្ទាប់ ត្រូវបានរកឃើញនៅក្នុងវិស័យសិល្បៈរបស់កូរ៉េខាងត្បូង។ ទន្ទឹមគ្នានេះ ក្រុមចម្រៀង K-POP បុរស ENHYPEN នៅពេលនេះបានប្រកាសថា ពួកគេកំពុងស្ថិតក្រោមការធ្វើតេស្តរកកូវីដ១៩ បន្ទាប់ពីដឹងថាមានបុគ្គលិកផ្ទៃក្នុងម្នាក់ ដែលធ្លាប់ចូលរួមក្នុងកម្មវិធីក្រុមចម្រៀងបុរសខាងលើ ត្រូវបានរកឃើញថាមានជំងឺកូវីដ១៩។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Koreaboo នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០។

បើទោះបីជាសមាជិកនៃក្រុមចម្រៀងមួយនេះ ក៏ដូចជាបុគ្គលិកដទៃទៀត មិនត្រូវឲ្យទៅធ្វើតេស្ត ប៉ុន្តែពួកគេបានសម្រេចចិត្តទៅធ្វើតេស្តរកកូវីដ១៩ភ្លាមៗ ដើម្បីធានានូវថាពួកគេសុវត្ថិភាពទាំងអស់គ្នា។ បន្ថែមពីនេះ ពួកគេនឹងស្ថិតក្រោមការដាក់ខ្លួនឲ្យនៅដោយឡែក រហូតដល់ចេញលទ្ធផលផងដែរ។

ដោយបញ្ហានេះ ក្រុមចម្រៀង ENHYPEN មិនបានចូលរួមកម្មវិធី «MBC FM4U» ដែលត្រូវបានធ្វើឡើងនៅថ្ងៃទី០៩ នេះទេ ហើយពួកគេរំពឹងថាអ្នកគាំទ្រនឹងយល់ពីស្ថានភាពដែលពួកគេកំពុងប្រឈមនេះ។

គួរជម្រាបថា មួយរយៈចុងក្រោយនេះ ករណីវិជ្ជមានជាច្រើនត្រូវបានរកឃើញទៅលើតារាប្រុសស្រីជាច្រើនក្នុងវិស័យ K-POP ខណៈកន្លងទៅតារាដែលបានឆ្លងជំងឺនេះរួមនាន លោក Bitta និងលោក Kogyeol សមាជិកក្រុម UP1TION ,តារាចម្រៀងប្រុស Lee Changwon និងតារាចម្រៀងស្រី Chungha ជាដើម៕