(ភ្នំពេញ)៖ ប្រាសាក់ ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានអាជ្ញាប័ណ្ណស្របច្បាប់ពីធនាគារជាតិនៃកម្ពុជា បានបង្កើតយុទ្ធនាការ «រួមគ្នាទិញវ៉ាក់សាំងដើម្បីកម្ពុជា» ដើម្បីឆ្លើយតបនឹងសេចក្ដីប្រកាសរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលថ្មីៗនេះ អំពីការបរិច្ចាគសប្បុរសធម៌ ដើម្បីប្រមូលថវិកាទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ការពារអាយុជីវិតប្រជាជនកម្ពុជា។

យុទ្ធនាការនេះអនុញ្ញាតឱ្យអតិថិជនប្រាសាក់ និងសាធារណជនអាចចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនបានយ៉ាងងាយស្រួល តាមរយៈការផ្ទេរប្រាក់ចូលទៅកាន់គណនីប្រាសាក់ «Covid-19 Vaccine Fund» ដើម្បីប្រគល់ជូនរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចាក់ជូនប្រជាជនកម្ពុជា។

អតិថិជនប្រាសាក់ និងសាធារណជន អាចចូលរួមបរិច្ចាគតាមការស្ម័គ្រចិត្តតាមគណនីដូចខាងក្រោម៖
*ឈ្មោះគ្រឹះស្ថាន៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក
*ឈ្មោះគណនី៖ Covid-19 Vaccine Fund
*លេខគណនីជាប្រាក់រៀល៖ 022518960025
*លេខគណនីជាប្រាក់ដុល្លារ៖ 022518960014

អតិថិជនប្រើប្រាស់កម្មវិធី PRASAC Mobile Banking អាចស្កេន QR កូដ ដែលភ្ជាប់ជូននេះ ដើម្បីផ្ទេរប្រាក់បរិច្ចាគទៅក្នុងគណនីខាងលើនេះបានយ៉ាងងាយស្រួល។ ហើយអតិថិជនរបស់គ្រឹះស្ថានផ្សេង ក៏អាចផ្ទេរប្រាក់ចូលក្នុងគណនីនេះផងដែរ ដោយប្រើសេវាទូទាត់បាគង ឬសេវាផ្ទេរមូលនិធិភ្លាមៗ។

លោក សាយ សូនី អនុប្រធាននាយកប្រតិបត្តិរបស់ប្រាសាក់ បានថ្លែងថា ប្រាសាក់ សូមចូលរួមចំណែកផ្ដល់ភាពងាយស្រួលជូនអតិថិជនប្រាសាក់ និងសាធារណជនតាមរយៈគណនីប្រាសាក់ «Covid-19 Vaccine Fund» នេះ។

លោកអ្នកអាចចូលរួមបរិច្ចាគថវិកាតាមលទ្ធភាព និងតាមការស្ម័គ្រចិត្តដោយគ្រាន់តែប្រើប្រាស់កម្មវិធី PRASAC Mobile Banking ឬ តាមម៉ាស៊ីនអេធីអឹមប្រាសាក់។ រាល់ថវិកាទាំងអស់ ដែលទទួលបាននឹងប្រគល់ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចាត់ចែងទិញវ៉ាក់សាំងចាក់បង្ការជំងឺដ៏កាចសាហាវនេះ ជូនដល់ប្រជាជនកម្ពុជាយើង»។

លោក សូនី បន្តថា «តាងនាមឱ្យថ្នាក់គ្រប់គ្រងប្រាសាក់ យើងខ្ញុំសូមថ្លែងនូវអំណរគុណយ៉ាងស្មោះអស់ពីដួងចិត្តចំពោះអតិថិជន និងសាធារណជនក្នុងការចូលរួមបរិច្ចាគថវិកាចូលរួមជាមួយរាជរដ្ឋាភិបាល និងសូមគោរពជូនពរលោកអ្នកមានសុខភាពល្អ សុវត្ថិភាព និងចៀសផុតពីជំងឺកូវីដ-១៩»