(សាន់ហ្រ្វាន់ស៉ីស្កូ)៖ ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Apple ទើបតែបានបញ្ចេញរូបរាងឧបករណ៍កាសស្តាប់សំឡេងពាក់ក្តោបនឹងត្រចៀក ដែលជាផលិតផលថ្មីរបស់ខ្លួនហៅថា AirPods MAX ជាមួយនឹងតម្លៃ៥៤៩ដុល្លារ នៅក្នុងសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នៅថ្ងៃពុធ ទី០៩ ខែធ្នូ ឆ្នាំ២០២០។

តម្លៃខាងលើត្រូវមនុស្សភាគច្រើនយល់ឃើញថា ថ្លៃខ្ពស់ឆ្ងាយជាងឧបករណ៍កាសក្តោបត្រចៀកស្រដៀងគ្នាដទៃទៀត ដែលប្រើបច្ចេកវិទ្យា Wireless (ឥតខ្សែ) ហើយមានសមត្ថភាពប្រឆាំងសំឡេងរំខានបែបនេះ ដូចជារបស់ក្រុមហ៊ុន Sony, ក្រុមហ៊ុន Sennheiser និងក្រុមហ៊ុន Bose ជាដើម ដែលមានតម្លៃត្រឹមខ្ទង់៣៥០ដុល្លារ។

គួរបញ្ជាក់ថា បើតាមក្រុមហ៊ុន Apple កាស AirPods ថ្មីនេះ ដែលមានថាមពលថ្មរយៈពេល២០ម៉ោង នឹងត្រូវចាប់ផ្តើមចេញលក់ពីថ្ងៃអង្គារសប្តាហ៍ក្រោយ។ សម្រាប់កាស AirPods ម៉ូដែលជំនាន់មុនគឺ AirPods ធម្មតា និង AirPods Pro ដែលជាប្រភេទកាសពាក់ជាប់ក្នុងត្រចៀក នឹងរក្សាតម្លៃនៅដដែលគឺ ១៥៩ដុល្លារសម្រាប់ AirPods ធម្មតា និង ២៤៩ដុល្លារសម្រាប់ AirPods Pro ជាតម្លៃនៅក្នុងសហរដ្ឋអាមេរិក៕