(សេអ៊ូល)៖ ក្រុមហ៊ុនផលិតរថយន្តដ៏ធំ និងល្បីឈ្មោះរបស់កូរ៉េ Hyundai Motor Co បានប្រកាសឱ្យដឹងថា គ្រោងប្រមូលរថយន្ត អគ្គិសនី Kona និងរថយន្តប្រើប្រេងសាំង Nexo សរុបចំនួន ៥០៨៦៤គ្រឿង នៅក្នុងប្រទេសកូរ៉េខាងត្បូងយកមកធ្វើការ ជួសជុល ឡើងវិញ ដោយសារតែប្រព័ន្ធហ្វ្រាំងអេឡិចត្រូនិកមានបញ្ហា។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា ប្រព័ន្ធហ្វ្រាំងរបស់ រថយន្ត ទាំង ពីរ ម៉ូដែលខាងលើ គឺប្រហែលជាមានបញ្ហាដោយសារតែកម្មវិធី Software ដូច្នេះត្រូវប្រមូលយកមកធ្វើការជួលជុលឡើងវិញ ហើយ រហូតមកដល់ពេលនេះក៏គេមិនទាន់ទទួលបានដំណឹងមកថា បញ្ហាមួយនេះបានបង្កគ្រោះថ្នាក់ហើយ ឬនៅនោះទេ។

ការប្រមូលរថយន្តទាំងពីរត្រឡប់មកជួលជុលនេះ គឺមិនច្បាប់ថាអាចនឹងប៉ះពាល់ដល់ទីផ្សារនោះទេ ប៉ុន្តែរថយន្តអគ្គិសនី Kona គឺ លក់ដាច់បំផុត នៅទីផ្សារអ៉ឺរ៉ុប ដែលជាទីផ្សារក្រៅពីប្រទេសកំណើត ខណៈដែលការប្រមូលមកជួសជុលវិញ គឺសម្រាប់តែទីផ្សារ កូរ៉េ មួយ ប៉ុណ្ណោះ។

ក្រុមហ៊ុន Hyundai ក៏បាននិងកំពុងតែប្រកាសប្រមូលរថយន្ត Kona EVs ប្រមាណជា ៧៤០០០គ្រឿងនៅជុំវិញពិភពលោក ត្រឡប់មកវិញផងដែរ បន្ទាប់ពីអ្នកប្រើប្រាស់នៅក្នុងប្រទេសកូរ៉េជួបបញ្ហាផ្ទុះឆេះ៕