(វ៉ាស៉ីនតោន)៖ ក្រុមហ៊ុន Facebook អាចនឹងត្រូវបង្ខំឲ្យលក់កម្មវិធីដ៏មានតម្លៃរបស់ខ្លួនគឺ WhatsApp និង Instagram បន្ទាប់ពីអាជ្ញាធរពាណិជ្ជកម្មអាមេរិក FTC ព្រមទាំងរដ្ឋជាច្រើននៅសហរដ្ឋអាមេរិក បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងបណ្តាញសង្គមយក្សនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០២០។

បច្ចុប្បន្ន Facebook បានក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាធំលំដាប់ទីពីរ ដែលត្រូវប្រឈមមុខនឹងបញ្ហាផ្នែកច្បាប់ទ្រង់ទ្រាយធំក្នុងឆ្នាំនេះ ក្រោយពីក្រសួងយុត្តិធម៌អាមេរិកកន្លងមកបានប្តឹង ក្រុមហ៊ុន Google ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនយក្ស Alphabet Inc កាលពីខែតុលា ជាមួយការចោទប្រកាន់ក្រុមហ៊ុនតម្លៃ១ទ្រីលានដុល្លារមួយនេះ ពីបទប្រើប្រាស់អំណាចរបស់ខ្លួននៅក្នុងទីផ្សារ ដើម្បីកម្ចាត់គូប្រជែង។

សម្រាប់ Facebook វិញ គឺបានរងការចោទប្រកាន់ថា ក្រុមហ៊ុនបណ្តាញសង្គមដ៏ធំនេះ ប្រើប្រាស់យុទ្ធយាស្រ្តទិញយកគូប្រជែង និងរាំងខ្ទប់គូប្រកួតតូចៗមិនឲ្យមានឱកាសរីកចម្រើន។ រីឯពាក្យបណ្តឹងថ្មីកាលពីថ្ងៃពុធសប្តាហ៍នេះ បានផ្តោតជាសំខាន់ទៅលើការដែលកន្លងមក Facebook បានទិញយកកម្មវិធីចែកចាយរូបភាព Instagram ក្នុងតម្លៃ១ពាន់លានដុល្លារកាលពីឆ្នាំ២០១២ និងកម្មវិធីផ្ញើសារ WhatsApp ក្នុងតម្លៃ១៩ពាន់លានដុល្លារកាលពីឆ្នាំ២០១៤។

គួរបញ្ជាក់ថា បើតាមការអាជ្ញាធរសហព័ន្ធនិងអាជ្ញាធរនៅតាមរដ្ឋរបស់អាមេរិក គឺពួកគេចង់ឲ្យការទិញយកកម្មវិធីទាំងពីរខាងលើ ត្រូវរំសាយចោលវិញ។ យ៉ាងណាក្តី ការធ្វើបែបនោះនឹងក្លាយជាបញ្ហាដ៏អូសបន្លាយមួយ ដែលទំនងជាមិនអាចសម្រេចបានភ្លាមៗឡើយ ហើយមួយវិញទៀតកិច្ចព្រមព្រៀងទាំងនោះ ធ្លាប់បានទទួលការអនុញ្ញាតពីអាជ្ញាធរអាមេរិក FTC ផ្ទាល់។

ដោយឡែក កាលពីខែឧសភា ឆ្នាំ២០២០នេះ Facebook បានទិញយកវែបសាយល្បីមួយឈ្មោះថា Giphy ដែលជំនាញខាងបង្កើតនិងចែករំលែករូបភាពបែបមានចលនា ហើយកាលពីខែមុន Facebook ក៏បានឲ្យដឹងថា ខ្លួនកំពុងរៀបចំទិញក្រុមហ៊ុនថ្មីមួយផ្នែកផ្តល់សេវាកម្មសម្រាប់អតិថិជនឈ្មោះថា Kustomer៕