(ភ្នំពេញ)៖ លោក ស៊ុំ វណ្ណា នាយកបច្ចេកទេសក្លិបភ្នំពេញក្រោន បានដាក់គោលដៅផលិតកីឡាករយុវជនយ៉ាងហោចមួយឆ្នាំ ៥នាក់ ទៅ ៧នាក់ ឡើងលេងក្រុមធំ និងក្រុមជម្រើសជាតិយុវជន U19 កម្ពុជា ។ នេះបើតាមការបញ្ជាក់របស់លោក បន្ទាប់ពីថ្នាក់ដឹកនាំក្រុមសិង្ហក្រហម បានតែងតាំងលោកជានាយកបច្ចេកទេស ជំនួសតំណែងគ្រូបង្វឹក កាលពីថ្មីៗ។

គ្រូបង្វឹកកាន់សញ្ញាបត្រ AFC A-License ខាងលើ បានសម្ដែងការសប្បាយចិត្ត ចំពោះតួនាទីថ្មី និងការផ្ដល់សេចក្ដីទុកចិត្តរបស់ប្រធានក្លិប ។ បន្ទាប់ពីឆ្លងកាត់ការពិភាក្សាជាមួយថ្នាក់ដឹកនាំ លោកបានប្ដេជ្ញា នឹងប្រើប្រាស់បទពិសោធ និងចំណេះដឹងរបស់ខ្លួន ដើម្បីបង្កើតនូវយុវជនឆ្នើម ហើយដំឡើងពួកគេលេងក្រុមធំ និងក្រុមជម្រើសជាតិយុវជន U19 កម្ពុជារៀងរាល់ឆ្នាំ។

អតីតគ្រូបង្វឹកក្រុមស៊ីម៉ាក់ និងវេស្ទើនភ្នំពេញរូបនេះ បានបញ្ជាក់ថា «គោលដៅរបស់យើង យើងកំណត់ថា យ៉ាងហោចណាស់ ១ឆ្នាំ យើងត្រូវតែផលិតឲ្យបាន ៥នាក់ ទៅ ៧នាក់ ទៅលេងឈុតធំ(ភ្នំពេញក្រោន) ។ ហើយយើងមានគោលដៅក្នុងជម្រើសជាតិ U19 ក៏ត្រូវតែមានគោលដៅ យ៉ាងហោច ៥នាក់ ទៅ ៧នាក់ដូចគ្នា ហើយឈុតធំ(ជម្រើសជាតិ) យើងត្រូវរក្សាចំនួនរបស់យើងឲ្យល្អប្រសើរ។ នេះគឺជាគោលដៅរបស់ខ្ញុំ»

គួរបញ្ជាក់ថា មុនទទួលបាននូវតំណែងថ្មី នៅក្រុមសិង្ហក្រហម លោក ស៊ុ វណ្ណា បានដឹកនាំអតីតក្រុមជើងឯក ៦សម័យកាលនេះ ២រដូវកាល ដោយបញ្ចប់ត្រឹមលេខ៦ នៅឆ្នាំ២០១៩ និងលេខ៣ ក្នុងឆ្នាំ២០២០ ។ ដោយមើលឃើញពីគុណសម្បត្តិក្នុងការរួមចំណែកអភិវឌ្ឍធនធានកីឡាករ ក្លិបក៏តែងតាំងលោកជានាយកបច្ចេកទេស ដើម្បីចូលរួមបណ្ដុះបណ្ដាលយុវជនថ្នាលទាំង ៣កម្រិត រួមមាន U15, U18 និង U21 គ្រាដែលតំណែងគ្រូបង្គោលក្រុមធំ ត្រូវជំនួសដោយលោក Oleg Starynskyi វិញ៕