(ភ្នំពេញ)៖ ថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីគម្រោងទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងគោលបំណងទប់ស្កាត់ និងការពារប្រជាជនកម្ពុជាពីការឆ្លងជំងឺនេះ។

យុទ្ធសាស្រ្តរបស់សម្តេច ដែលបានលើកឡើងពិតជាល្អឥតអ្វីប្រៀបបាន ក្នុងនាមជាថ្នាក់គ្រប់គ្រង បុគ្គលិក ធនាគារ ហត្ថា និងប្រជាពលរដ្ឋកម្ពុជា សុំចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួន ជាមួយសម្តេច ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។

ដើម្បីគាំទ្រដល់យុទ្ធសាស្រ្តរបស់សម្តេច និងជួយសម្រួលដល់សប្បុរសជនទាំងអស់ ដែលមានបំណងបរិច្ចាគថវិកាគាំទ្រដល់ការទិញវ៉ាក់សាំងនេះ ធនាគារ ហត្ថា ដែលមានបណ្តាញការិយាល័យសាខាធំលំដាប់ទី២ ក្នុងប្រទេសកម្ពុជា បានបង្កើតគណនីសប្បុរសធម៌ កូវីដ១៩ សម្រាប់ផ្តល់ភាពងាយស្រួលដល់ អតិថិជន របស់ធនាគារ ហត្ថា និងសប្បុរសជនទាំងអស់ ព្រមទាំងនិយោជិតរបស់ខ្លួន ធ្វើការបរិច្ចាគជូនរាជរដ្ឋាភិបាល។

សប្បុរសជនអាចធ្វើការបរិច្ចាគដោយផ្ទេរចូលគណនី Hattha Bank Covid-19 Contribution Fund របស់ធនាគារ ហត្ថា ដែលមានលេខគណនី 168000033270 (សម្រាប់ប្រាក់រៀល) និង 168000033305 (សម្រាប់ប្រាក់ដុល្លារ) ហើយការបរិច្ចាគអាចធ្វើឡើងតាមរយៈសេវាធនាគារចល័ត ឬនៅបញ្ជរបេឡាសាខាគ្រប់ខេត្តក្រុងរបស់ធនាគារ ហត្ថា ដោយមិនគិតថ្លៃ។

គួររំលឹកផងដែរថា ធនាគារ ហត្ថា ទើបតែបានកម្លាយខ្លួនជាផ្លូវការទៅជាធនាគារពាណិជ្ជ ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថា កសិករ លីមីតធីត នៅខែសីហា ឆ្នាំ២០២០ថ្មីៗនេះ បន្ទាប់ពីបានផ្តល់សេវាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា ២៦ឆ្នាំ។

បច្ចុប្បន្ន ធនាគារ ហត្ថា មានការិយាល័យសាខាចំនួន ១៧៧ ម៉ាស៊ីនអេធីអឹមចំនួន ១៣៧ និងផ្តល់សេវាកម្មហិរញ្ញវត្ថុយ៉ាងច្រើនសម្បូរបែបដល់អតិថិជនដូចជា៖ សេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាអេធីអឹម សេវាធនាគារចល័ត សេវាបើកប្រាក់បៀវត្ស ជាភ្នាក់ងារណែនាំលក់សេវាធានារ៉ាប់រង និងត្រៀមដាក់ជូនឲ្យប្រើប្រាស់នូវសេវាហិរញ្ញវត្ថុថ្មីៗជាច្រើនបន្ថែមទៀត។

ធនាគារ ហត្ថា គឺជាបុត្រសម្ព័ន្ធរបស់ធនាគារក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី ៥ នៅព្រះរាជាណាចក្រថៃឡង់ដ៏ និងជាសមាជិករបស់សម្ព័ន្ធ ហិរញ្ញវត្ថុអន្តរជាតិ Mitsubishi UFJ Financial Group (MUFG) ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេបំផុតនៅប្រទេសជប៉ុន ព្រមទាំងជាសម្ព័ន្ធសេវាហិរញ្ញវត្ថុ ដ៏ធំមួយក្នុងចំណោមសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេលើសកលលោក៕