(ភ្នំពេញ)៖ សណ្ឋាគារ​ ហៃយ៉ាត់ រីជិនស៊ី​ ភ្នំពេញ ​ដែល​គ្រោង​នឹង​ដាក់​ឲ្យ​ដំណើរ​ការ​​ដើម​ឆ្នាំ​២០២១​ខាងមុខនេះ​ នឹងផ្តល់ជូនបទពិសោធន៍ដ៏សម្បូរបែប និងថ្មី​សន្លាង​សម្រាប់​ភ្ញៀវ​ទេសចរ​ជាតិ និងអន្តរជាតិ​មកពីគ្រប់តំបន់នៃ​សកលលោក ព្រមទាំងជាទីតាំងដ៏ស័ក្តិ​សម​​​បំផុត​សម្រាប់កិច្ច​ប្រជុំ​ពាណិជ្ជកម្មធំៗទាំងថ្នាក់តំបន់ និងថ្នាក់អន្តរជាតិ។

សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ជាសណ្ឋាគារ​​​​​ផ្កាយ​ប្រាំ​ ​ដែល​នឹងអនុញ្ញាតឲ្យ​ភ្ញៀវ​អាច​​ចាប់​ផ្តើម​កក់បន្ទប់​​ចាប់ពីថ្ងៃទី១៥ មករា ២០២១ ​ខាងមុខនេះ។

សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ មាន​​​បន្ទប់​ចំនួន​​២៤៧​បន្ទប់​​ ភោជនីយដ្ឋាន​ប្រណីត ​សាល​ប្រជុំ​ដ៏ទំនើប​ បន្ទប់​ស្ប៉ា​ ​ស្កាយបារ៍​ ព្រមទាំង​សេវា​កម្មជាច្រើនទៀត។

​Market Café & Lounge ត្រូវ​បាន​រចនាឡើង​ដោយ​អនុញ្ញាត​​ឲ្យ​ពន្លឺ​ព្រះ​អាទិត្យ​ចាំង​ចូល​មក​យ៉ាងគ្រប់​គ្រាន់​​ និង​​​មាន​បម្រើ​​អាហារ​ដ៏ឆ្ងាញ់​ពិសា។ The Attic បារ៍ ដែលស្ថិតនៅ​​ជាន់​​ទី២ នៃវីឡា​សម័យ​អាណា​និគម​បារាំង ក៏​ត្រូវ​បាន​​រចនា​​យ៉ាង​ល្អឯក ​ដោយ​ផ្តល់ជូន​​បរិយាកាស​ នៃការ​ច្របាច់​បញ្ចូល​​គ្នានៃ​ស្ថាបត្យកម្ម​សម័យ​ទំនើប​​ និង​សម័យ​អាណានិគម​បារាំង។

ភោជនីយដ្ឋាន FiveFive​ Rooftop & Bar ដែលស្ថិ​ត​នៅជាន់​ទី​១៤ អាច​​មើល​ឃើញ​ទេសភាព​ដ៏​ត្រកាល​នៃ​ទន្លេ​ចតុមុខ។ Metropole Underground គឺ​ជា​បារ៍​ ដែល​​ស្ថិត​នៅ​ជាន់​ក្រោម​ដី។

ក្រៅ​ពី​នេះ សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ក៏​មានអាងហែល​ទឹក​ កន្លែង​ហាត់​ប្រាណ​​២៤​ម៉ោង​ និង​ស្បាលំដាប់​ថ្នាក់ពិភពលោក Jivapita។

លើសពីនេះ ភ្ញៀវទេសចរណ៍​​នឹង​ទទួល​បាន​បទ​ពិសោធន៍​ថ្មីៗ​​តាមរយៈការច្របាច់​បញ្ចូល​​នៃ​ស្ថាបត្យកម្ម​​ចម្រុះ​​ ​ដែល​​មានតម្លៃ​ជា​បេតិកភណ្ឌ។ សណ្ឋាគា​ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ​ បាន​អភិរក្ស​វីទ្បា​សម័យ​អាណានិគម​​​បារាំ​ង​​ដោយ​បានកែលម្អ​ឲ្យ​មាន​​ភាព​រឹងមាំ​ ដោយ​​រក្សា​​ទម្រង់​ និងរចនាបថ​ដើម​ទាំង​ស្រុង​ ដែល​​​នេះ​គឺជាផ្នែកមួយ​នៃការ​រក្សាអត្តសញ្ញាណ​ក្នុងតំបន់។

សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ មានទីតាំងស្ថិតនៅ​ចំកណ្តាល​សង្កាត់ពាណិជ្ជកម្ម និងវប្បធម៌នៃទីក្រុង​ភ្នំពេញ ​នៅក្បែរ​សារមន្ទីរ​ជាតិ ព្រះ​​បរមរាជវាំង​ សាកល​វិទ្យាល័យ​​ភូមិន្ទ​វិចិត្រ​​សិល្បៈ​​ សាលវិចិត្រសិល្បៈ​ វាលព្រះមេរុ ផ្សាររាត្រី ​​វត្ត​អារាម ​​​និង​ទន្លេ​​ចតុមុខ​ ​ដែលផ្តល់ ភាព​ងាយស្រួល​ដល់ភ្ញៀវ​ជាតិ​​ និង​អន្តរជាតិក្នុងដំណើរ​ទស្សន​កិច្ចនៅទីក្រុងភ្នំពេញ​៕