(កូរ៉េ)៖ ក្រុម K-POP បុរស ENHYPEN កាលពីថ្ងៃទី០៩ ខែធ្នូ បានប្រកាសថា ពួកគេកំពុងស្ថិតក្រោយការដាក់ខ្លួនឲ្យនៅដោយឡែក និងកំពុងរងចាំលទ្ធផលធ្វើតេស្តរកកូវីដ១៩ បន្ទាប់ពី BELIFT LAB ដែលជាបុគ្គលិកផ្ទៃក្នុងម្នាក់មានកូវីដ១៩។ យ៉ាងណាមិញ នៅថ្ងៃនេះលទ្ធផលធ្វើតេស្តរបស់ពួកគេបង្ហាញថា អវិជ្ជមានទាំងអស់។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Koreaboo នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០។

ជាការកត់សម្គាល់ បើទោះបីជាក្រុមចម្រៀងមួយនេះ មិនត្រូវបានតម្រូវឲ្យទៅធ្វើតេស្តក្តី ប៉ុន្តែសមាជិកទាំងអស់បានយល់ព្រម សម្រេចទៅធ្វើតេស្តរកកូវីដ១៩ ដើម្បីឲ្យប្រាកដពីសុខភាពរបស់ពួកគេ ក៏ដូចជាដើម្បីធានាសុវត្ថិភាពទាំងអស់គ្នា ក្នុងក្រុម ENHYPEN។

គួរជម្រាបថា ការប្រញាប់ទៅធ្វើតេស្តរកកូវីដ១៩ ភ្លាមៗ ពីសំណាក់ក្រុមចម្រៀងបុរស ENHYPEN បន្ទាប់ពីមានបុគ្គលិកម្នាក់ ដែលធ្លាប់ចូលរួមកម្មវិធីរបស់ពួកគេ ត្រូវបានរកឃើញមានកូវីដ១៩ ជាពិសេសមួយរយៈចុងក្រោយនេះ ករណីវិជ្ជមានជាច្រើនត្រូវបានរកឃើញ ទៅលើតារាប្រុសស្រីជាច្រើនក្នុងវិស័យ K-POP ខណៈកន្លងទៅតារាដែលបានឆ្លងជំងឺនេះរួមនាន លោក Bitta និងលោក Kogyeol សមាជិកក្រុម UP1TION, តារាចម្រៀងប្រុស Lee Changwon និងតារាចម្រៀងស្រី Chungha ជាដើម៕