(លីវើភូល)៖ កីឡាករខ្សែប្រយុទ្ធ Mohamed Salah បានបំបែកកំណត់ត្រាចាស់របស់ Steven Gerrard ដែលស៊ុត បានច្រើនគ្រាប់ជាងគេឲ្យ Liverpool ក្នុងយុទ្ធនាការ UEFA Champions League។

ខ្សែប្រយុទ្ធអន្តរជាតិអេហ្ស៊ីប Salah រកបានគ្រាប់ទី២២ ឲ្យហង្សក្រហមនៅពេលបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ១-១ ទល់នឹងក្រុមម្ចាស់ផ្ទះ FC Midtjylland របស់ដាណឺម៉ាកសម្រាប់ ១ប្រកួតចុងក្រោយក្នុងព្រឹត្តិការណ៍ពានរង្វាន់លីគអឺរ៉ុប Champions League ប្រចាំពូលបំបែកកំណត់ត្រាចាស់របស់អតីតខ្សែមប្រើអង់គ្លេស Steven Gerrard ដែលស៊ុតឲ្យ Liverpool បាន ២១គ្រាប់។

១គ្រាប់របស់ Salah កើតឡើងត្រឹមចាប់ផ្តើមលេងមិនដល់ ១នាទីស្រួលបួលផង ហើយក៏ជាគ្រាប់បាល់ចូលទីលឿនបំផុតផងដែរនៅ UCL នារដូវកាលនេះ ដែលជាលទ្ធផលស្មើតែ ១លើកនៃក្រុមលោក Jurgen Klopp ក្នុងចំណោម ៦ប្រកួតសន្សំពិន្ទុ ដោយឈ្នះ៤ដង ចាញ់១ និងស្មើ១ ឈរនៅកំពូលតារាងប្រចាំពូល D ដោយមាន ១៣ពិន្ទុតាមពីក្រោយដោយ Atalanta ដែលមាន ១១ពិន្ទុបានឡើងទៅវគ្គ ១៦ក្រុមដូចគ្នា។

Salah បានធ្វើដំណើរមកកាន់ទឹកដី Anfield ក្នុងឆ្នាំ២០១៧ ក្រោយចាកចេញពីក្លិប AS Roma របស់អ៉ីតាលី ដោយរកបាន ២២គ្រាប់នៅ UCL នៅចាញ់ Robert Lewandowski រកបាន ៣១គ្រាប់ Cristiano Ronaldo បាន ២៩គ្រាប់ និង Lionel Messi រកបាន ២៤គ្រាប់៕