(អាមេរិក)៖ ក្រុមហ៊ុនយក្សអាមេរិក Facebook Inc ត្រូវបាន គណៈកម្មការពាណិជ្ជកម្មសហព័ន្ធសហរដ្ឋអាមេរិក និងតុលាការ ស្ទើ តែគ្រប់រដ្ឋទាំងអស់នៅអាមេរិក បង្ខំឱ្យលក់ ទ្រព្យសកម្ម របស់បណ្ដាញសង្គម Instagram និងកម្មវិធី WhatsApp។ នេះ បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០។

នៅក្នុងពាក្យបណ្ដឹងបានសរសេរថា ក្រុមហ៊ុន Facebook បានទិញយកកម្មវិធី WhatsApp និង Instagram ក្នុងគោល បំណង អ្វី «ទិញ ឬកប់ទុក»? ឬមួយក្រុមហ៊ុន Facebook គ្រាន់តែទិញកូនក្រុមហ៊ុនតូចៗដែលជាគូរប្រជែងយកមក សម្លាប់ចោល ឬ ដាក់ឱ្យ នៅស្ងៀមមួយកន្លែង?

គណៈកម្មការពាណិជ្ជកម្មសហព័ន្ធសហរដ្ឋអាមេរិក មិនបានបង្ហាញបំណងច្បាស់នៅក្នុងពាក្យបណ្ដឹងទេ គ្រាន់តែចង់ឱ្យ Facebook ឈប់បន្ដកាន់កាប់ WhatsApp និង Instagram តែឯង ពោលគឺអាចនិយាយបានថា ឱ្យ Facebook លក់ហ៊ុនរបស់ WhatsApp និង Instagram ដើម្បីឱ្យវាទៅជាក្រុមហ៊ុនសាធារណៈ។

តាមរយៈពាក្យបណ្ដឹងថ្មីនេះ អាចនិយាយបានថា ក្រុមហ៊ុន Facebook គឺជាក្រុមហ៊ុនបច្ចេកវិទ្យាធំលំដាប់ទី២ ដែលរងនូវ បណ្ដឹង ធ្ងន់ធ្ងរជាងគេ ខណៈដែលនៅពេលនេះក្រសួងយុត្តិធម៌អាមេរិកបានប្ដឹង Google ដោយបានចោទប្រកាន់ថាបានប្រើអំណាច និង ឥទ្ធិពលដែលខ្លួនមាននៅលើអនឡាញ យកទៅធ្វើការប្រកួតប្រជែងដោយមិនស្មោះត្រង់។

គួរបញ្ជាក់ផងដែរថា Facebook បានទិញ Instagram កាលពីឆ្នាំ ២០១២ ក្នុងតម្លៃ ១ពាន់លានដុល្លារ និងបានទិញ WhatsApp កាលពីឆ្នាំ២០១៤ ក្នុងតម្លៃ ១៩ពាន់លានដុល្លារ៕