(ភ្នំពេញ)៖ ដើម្បីពង្រីកសេវាកម្ម ក៏ដូចជាផ្តល់ភាពងាយស្រួលដល់អតិថិជន និងដៃគូអាជីវកម្មបន្ថែមទៀត ធនាគារ ជីប ម៉ុង បានដាក់ឲ្យប្រើមុខងារថ្មីនៃប្រព័ន្ធបាគង នៅក្នុង Chip Mong Bank App របស់ខ្លួន ដែលអនុញ្ញាតឲ្យអតិថិជនធនាគារ ជីប ម៉ុង ទាំងអស់អាចធ្វើប្រតិបត្តិការឆ្លងគ្រឹះស្ថាន ក៏ដូចជាទូទាត់ ផ្ទេរប្រាក់ ដាក់-ដកប្រាក់ ពិនិត្យសមតុល្យ និងរបាយការណ៍សង្ខេបជាដើម។

ក្នុងកំឡុងវិបត្តិកូវីដ១៩នេះ ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិច គឺជាដំណោះស្រាយដ៏ល្អបំផុត ក្នុងការចូលរួមកាត់បន្ថយការប៉ះពាល់សាច់ប្រាក់ដោយផ្ទាល់។ ការសហការរវាងធនាគារ ជីប ម៉ុង និងបាគង មិនត្រឹមតែជួយឲ្យអតិថិជន និងដៃគូអាជីវកម្ម កាន់តែមានភាពងាយស្រួលក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុឆ្លងគ្រឹះស្ថានតែប៉ុណ្ណោះទេ ថែមទាំងជាផ្នែកមួយក្នុងការធ្វើទំនើបកម្មប្រព័ន្ធទូទាត់ និងជួយជំរុញសេដ្ឋកិច្ចទៅរកសេដ្ឋកិច្ចឌីជីថលស្របតាម ឧស្សាហកម្ម ៤.០ ផងដែរ។

ធនាគារ ជីប ម៉ុង ទើបតែឈានជើងចូលក្នុងទីផ្សារហិរញ្ញវត្ថុបានរយៈពេលជិត២ឆ្នាំតែប៉ុណ្ណោះ ប៉ុន្តែសន្ទុះនៃការគាំទ្រពីមហាជនមានការកើនឡើងច្រើនគួរឲ្យកត់សម្គាល់ តាមរយៈបច្ចេកវិទ្យាឌីជីថលដ៏ទំនើបរបស់ធនាគារ ប្រព័ន្ធដៃគូអាជីវកម្មទូលំទូលាយ សេវាកម្មឆាប់រហ័ស និងទំនុកចិត្តខ្ពស់ពីអ្នកប្រើប្រាស់។

ធនាគារនេះតែងតែគាំទ្រនិងស្វាគមន៏ដល់កិច្ចសហប្រត្តិបត្តិការនានា ដូចជាការក្លាយជាសមាជិកបាគង ដែលដែលជាប្រព័ន្ធទូទាត់អេឡិចត្រូនិកដែលផ្តួចផ្តើមដោយធនាគារជាតិនៃកម្ពុជាជាដើម៕