(បរទេស)៖ ថ្មីៗនេះ ទស្សនាវដ្តីដ៏ល្បីរបស់សហរដ្ឋអាមេរិក Forbes បានបញ្ចេញឈ្មោះតារាល្បីៗ ចំនួន១០០នាក់ ទូទាំងពិភពលោក ដែលមានឥទ្ធិពលបំផុតក្នុងបណ្តាញសង្គម តាមរយៈស្នាដៃចម្រៀងរបស់ពួកគេ ជាពិសេសកេរ្តិ៍ឈ្មោះសុះសាយ ចំពោះការបរិច្ចាគប្រាក់ក្នុងបុព្វហេតុរួមគ្នា ប្រឆាំងនឹងជំងឺរាតត្បាតសាកលកូវីដ១៩។ ទន្ទឹមគ្នានេះ សម្រាប់សិល្បករខ្មែរ ក៏មិនខុសពីតារាបរទេសល្បីៗដទៃទៀតដែរ ដោយបានបរិច្ចាគប្រាក់ជាបន្តបន្ទាប់ គាំទ្ររដ្ឋាភិបាល ក្នុងការប្រយុទ្ធកូវីដ១៩។

ថ្ងៃនេះ Fresh News Plus សូមលើកយកតារាបរទេសល្បីៗចំនួន១០នាក់ ក្នុងចំណោមតារាទាំង១០០នាក់ ដែលបញ្ចេញដោយទស្សនាវដ្តី Forbes ខណៈទាំង១០នាក់នោះ សុទ្ធតែបានបរិច្ចាគប្រាក់យ៉ាងច្រើនដល់រដ្ឋាភិបាលរបស់ពួកគេ ដើម្បីប្រយុទ្ធនឹងកូវីដ១៩៖

ទី១៖ តារាប៊ូលីវូដជើងចាស់ លោក Amitabh Bachchan មានវ័យ៧៨ឆ្នាំ , កាលពីខែឧសភាកន្លងទៅ Bachchan បានប្រើឥទ្ធិពលក្នុងនាមជាតារាសម្តែង និងប្រើប្រាស់បណ្តាញសង្គមរបស់លោក ដែលមានអ្នក Follwer ចំនួន ១០៥លាននាក់ ដើម្បីរៃអង្គាសប្រាក់ បានចំនួន ៧លានដុល្លារ ក្នុងការជួយដល់អ្នករងគ្រោះដោយសារកូវីដ១៩។

ទី២៖ តារាសម្តែងប៊ូលីវូដ Akshay Kumar មានវ័យ ៥៣ឆ្នាំ, ក្នុងឆ្នាំនេះ លោកបានបរិច្ចាគប្រាក់ចំនួន ៤លានដុល្លារ ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ក្នុងប្រទេសឥណ្ឌា ហើយកាលពីខែឧសភា លោកបានចូលរួមក្នុងការប្រគំតន្រ្តីមួយ តាមប្រព័ន្ធហ្វេសប៊ុក ដើម្បីរៃអង្គាសប្រាក់បានចំនួន ៧លានដុល្លារបន្ថែម សម្រាប់មូលនិធិមួយក្នុងបុព្វហេតុប្រឆាំងកូវីដ១៩។

ទី៣៖ តារាសម្តែងប្រុសរបស់អូស្ត្រាលី Chris Hemsworth មានវ័យ៣៧ឆ្នាំ, កាលពីខែមករាលោកបានប្រកាសក្នុងបណ្តាញ Intragram ថាបានបរិច្ចាគប្រាក់ចំនួន ១លានដុល្លាអូស្ត្រាលី ស្មើនឹង ៧០៥,០០០ដុល្លារអាមេរិក ដើម្បីប្រឆាំងកូវិដ១៩ និងបានអំពាវនាវឲ្យអ្នកគាំទ្រចូលរួមបរិច្ចាគតាមលទ្ធភាពផងដែរ។

ទី៤៖ តារាចម្រៀង និងជាតារាសម្តែងប្រសរបស់តៃវ៉ាន់ លោក Jay Chou មានវ័យ៤១ឆ្នាំ, កាលពីខែមករាឆ្នាំនេះ លោក និងភរិយាបានបរិច្ចាគប្រាក់ចំនួន ៤៥៥,០០០ ដុល្លារ ដើម្បីគាំទ្រក្រុមគ្រូពេទ្យជួរមុខ នៅក្នុងទីក្រុង Wohan ក្នុងការប្រយុទ្ធជាមួយកូវីដ១៩។

ទី៥៖ តារាស្រីល្បីឈ្មោះរបស់ហ្វីលីពីន Angel Locsin មានវ័យ៣៥ឆ្នាំ, ក្នុងឆ្នាំនេះនាងបានបរិច្ចាគប្រាក់ចំនួន ១៥លាន Pesos ស្មើនឹង ៣១០,០០០ដុល្លារ ដើម្បីប្រឆាំងកូវីដ១៩ ខណៈថ្មីៗនេះបានចូលរួមក្នុងយុទ្ធនាការមួយ ដោយរៃអង្គាសប្រាក់បានចំនួន ១១.៣ លាន Pesos បន្ថែម ដើម្បីជួយដល់មន្ទីពេទ្យ ក្នុងការប្រឆាំងកូវីដ១៩។

ទី៦៖ តារាសម្តែងល្បីរបស់កូរ៉េខាងត្បូង Lee Min-ho មានវ័យ៣៣ឆ្នាំ, កាលពីខែមីនា បានបរិច្ចាគប្រាក់ចំនួន ២៥២,០០០ ដុល្លារ ដើម្បីប្រឆាំងកូវីដ១៩។

ទី៧៖ តារាសម្តែងប្រុសរបស់ចិន លោក Zhu Yilong មានវ័យ៣២ឆ្នាំ, កាលពីខែមករា លោកបានបរិច្ចាគប្រាក់ចំនួន ១៥០,០០០ដុល្លារ ដើម្បីប្រឆាំងកូវីដ១៩ក្នុងទីក្រុង Wuhan។

ទី៨៖ តារាសម្តែង និងជាតារាចម្រៀងបុរសរបស់ចិន លោក Kun មានវ័យ២២ឆ្នាំ, កាលពីខែមករា ឆ្នាំនេះ លោកបានបរិច្ចាគប្រាក់ចំនួន ៩០,០០០ដុល្លារ ដើម្បីប្រឆាំងកូវីដ១៩ក្នុងទីក្រុង Wuhan។

ទី៩៖ តារាម៉ូដែល និងជាតារាចម្រៀងស្រី របស់រៀតណាម Chi Pu មានវ័យ ២៧ឆ្នាំ, ក្នុងឆ្នាំ២០២០ នាងបានបរិច្ចាគប្រាក់ចំនួន ៥០,០០០ដុល្លារ ដើម្បីប្រឆាំងនឹងកូវីដ១៩។

ទី១០៖ តារាសម្តែងប្រុសរបស់កូរ៉េខាតត្បូង Nam Joo-hyuk មានវ័យ ២៦ឆ្នាំ, ក្នុងឆ្នាំនេះលោកបានបរិច្ចាគប្រាក់ចំនួន ៤៥,០០០ដុល្លារ ដើម្បីប្រឆាំងកូវីដ១៩។

យ៉ាងណាមិញ មិនខុសពីតារាបរទេសល្បីៗទាំង១០ខាងលើឡើយ ងាកមកសិល្បករខ្មែរវិញ ក៏បានចូលរួមបរិច្ចាគប្រាក់ ដល់រដ្ឋាភិបាលផងដែរ ដើម្បីប្រឆាំងកូវីដ១៩។ ជាក់ស្តែង បច្ចុប្បន្នមានសិល្បករខ្មែរជាបន្តបន្ទាប់ បានបរិច្ចាគប្រាក់ផ្ទាល់ខ្លួន ដើម្បីគាំទ្ររដ្ឋាភិបាលក្នុងការទិញវ៉ាក់សាំងការពារកូវីដ១៩ ក្នុងនោះរួមមាន កំពូលតារាចម្រៀងល្បីលោក ព្រាប សុវត្ថិ, កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត, តារាចម្រៀង សុខ ពិសី, តារាចម្រៀង តន់ ច័ន្ទសីម៉ា, តារាចម្រៀងលោក ខេម និងតារាល្បីៗនៅក្នុងប្រទេសកម្ពុជាជាច្រើនដួងទៀត៕