(ប្រេស៉ីល)៖ អាកាសចរណ៍ប្រេស៉ីល Gol បានក្លាយជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេលើលោក នៅថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅប្រេស៉ីល) ដែលបានប្រើប្រាស់យន្តហោះ Boeing 737 MAX ជាលើកដំបូងឡើងវិញ ដើម្បីដឹកជញ្ជូនអ្នកដំណើរក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន គិតចាប់ពីពួកវាត្រូវបានបញ្ឈរជើងជុំវិញពិភពលោក តាំងតែពី២០ខែមុន ក្រោយមានយន្តហោះនេះពីរគ្រឿងធ្លាក់ និងបណ្តាលឲ្យមនុស្សរាប់រយនាក់ស្លាប់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០២០។

ជើងហោះហើរខាងលើត្រូវបានធ្វើឡើងរវាងទីក្រុង Sao Paulo និងទីក្រុង Porto Alegre នៃប្រទេសប្រេស៉ីល បើយោងទៅតាមទិន្នន័យពីវែបសាយ FlightRadar24 ដែលតាមដានផ្លូវធ្វើដំណើររបស់យន្តហោះនានានៅលើផែនដី។ ការហោះហើរឡើងវិញនៃយន្តហោះ Boeing 737 MAX នៅប្រេស៉ីល កើតមានឡើង បន្ទាប់ពីអាជ្ញាធរអាកាសចរណ៍នៃប្រទេសអាមេរិកខាងត្បូងមួយនេះ បានដកបម្រាមហាមឃាត់ការហោះហើរលើពួកវា កាលពីចុងខែវិច្ឆិកាកន្លងទៅ ក្រោយការសម្រេចស្រដៀងគ្នានៅសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា ការដែល 737 MAX អាចវិលត្រឡប់ទៅលើផ្ទៃអាកាសបែបនេះ គឺជាដំណឹងដ៏ប្រសើរបំផុតសម្រាប់ក្រុមហ៊ុន Boeing ដែលបានព្យាយាមធ្វើឲ្យស៊េរីយន្តហោះ ដែលលក់ដាច់បំផុតរបស់ខ្លួន អាចហោះហើរវិញតាំងតែពីចុងឆ្នាំ២០១៩។ ត្រកូលយន្តហោះ Boeing 737 MAX ត្រូវបានប្រទេសនានាផ្អាកប្រតិបត្តិការភ្លាមៗ ក្រោយករណីធ្លាក់យន្តហោះនេះមួយគ្រឿងនៅអេត្យូពីកាលពីខែមីនា ឆ្នាំ២០១៩ និងមួយគ្រឿងទៀតនៅឥណ្ឌូណេស៉ីកាលពីខែតុលា ឆ្នាំ២០១៨។

សម្រាប់អាកាសចរណ៍បន្ទាប់ដែលត្រូវគេរំពឹងថា នឹងប្រើប្រាស់យន្តហោះ Boeing 737 MAX ដើម្បីដឹកអ្នកដំណើរឡើងវិញគឺអាកាសចរណ៍អាមេរិក American Airlines ដែលជើងហោះហើរដំបូងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែធ្នូ ខាងមុខនេះ៕