(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន តំណាងលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) នៅល្ងាចថ្ងៃទី១០ ខែធ្នូនេះ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោក កែវ ថុន អតីតម្ចាស់មេដាយសំរឹទ្ធព្រឹត្តិការណ៍កីឡាអាស៊ី Asian GANEFO ដែលជាព្រឹទ្ធាចារ្យកីឡា និងជាឥស្សរជនឆ្នើមម្នាក់ក្នុងចលនអូឡាំពិក។

ព្រឹទ្ធាចារ្យ កែវ ថុន បានទទួលមរណភាព កាលពីព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញ ក្នុងជន្មាយុ ៩១ឆ្នាំ ដោយជរាពាធ ។ មរណភាពរបស់លោក បានធ្វើឲ្យថ្នាក់ដឹកនាំ NOCC និងថ្នាក់ដឹកនាំកីឡា ពិសេសពិសេសអ្នកលេងកីឡាមុនទសវត្សន៍ឆ្នាំ១៩៦០ មានការសោកស្ដាយជាខ្លាំង ចំពោះការបាត់បង់អតីតកីឡាករអត្តពលកម្មជើងចាស់រូបនេះ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានចាត់ទុកការបាតបង់ព្រឹទ្ធាចារ្យ កែវ ថុន គឺជាបាត់បង់នូវឥស្សរជនដ៏ឆ្នើមមួយរូបក្នុងវិស័យកីឡា និងចលនាអូឡាំពិក ហើយ NOCC នឹងចងចាំជានិច្ចនូវនូវគុណូបការៈ នៃការខិតខំប្រឹងប្រែងជួយដល់ចលនាអូឡាំពិកកម្ពុជាកន្លងមក ហើយគុណូបការៈដ៏វិសេសវិសាលនេះ សូមឲ្យវិញ្ញាណក្ខន្ធលោកព្រឹទ្ធាចារ្យបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

គួរបញ្ជាក់ថា លោក កែវ ថុន បានចាប់ផ្ដើមលេងកីឡាអត្តពលកម្ម តាំងពីអំឡុងទសវត្សរ៍ឆ្នាំ១៩៤០ ហើយលោកបានចូលរួមការប្រកួតអន្ដរជាតិជាច្រើន និងធ្លាប់ឈ្នះមេដាយសំរឹទ្ធកម្រិតអាស៊ី នៃព្រឹត្តិការណ៍ Asian GANEFO ទៀតផង ។ មិនតែប៉ុណ្ណោះ លោកបានចូលរួមចលនាអូឡាំពិក ពិសេសក្រោយឆ្នាំ១៩៧៩ លោកបានជួយជ្រោមកីឡារហូត ដោយបង្ហាត់បង្រៀនកូនសិស្សរត់ចម្ងាយជាច្រើន។

អ្វីដែលថ្នាក់ដឹកនាំ NOCC ចងចាំមិនភ្លេច គឺលោកបានរួមចំណែកក្នុងការបង្កើតគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អំឡុងឆ្នាំ១៩៨៤-១៩៨៥ និងបានស្វះស្វែងរហូតមានការទទួលស្គាល់ពីគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ ជាលើកទី២ នៅឆ្នាំ១៩៩៤ បន្ទាប់ពីបាត់បង់សមាជិកភាពពីស្ថាប័នអន្ដរជាតិមួយនេះ។ លោក វ៉ាត់ ចំរើន បញ្ជាក់បន្ថែម។

យ៉ាងណាមិញមុនទទួលមរណភាព ព្រឹទ្ធាចារ្យ កែវ ថុន ត្រូវបានយកចិត្តទុកដាក់ខ្ពស់ពី NOCC ហើយបានចូលរួមកម្មវិធីជួបជុំផ្សេងៗ រួមទាំងកម្មវិធីទទួលទានអាហារសាមគ្គីមហាគ្រួសារកីឡជាតិ ក្រោមអធិបតីភាពសម្ដេចតេជោនាយករដ្ឋមន្ដ្រីរៀងរាល់ខែមេសា និងការផ្ដល់កិត្តិយសរត់ភ្លើងគប់ ក្នុងពិធីបើកព្រឹត្តិការណ៍កីឡាជាតិ លើកទី១ កាលពីឆ្នាំ២០១៦ ទៀតផង។

សូមបញ្ជាក់ថា នៅល្ងាចថ្ងៃជាមួយគ្នានោះ លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡដ្ឋាន តំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ក៏បានដឹកនាំប្រតិភូ និងមន្ដ្រីក្រោមឱវាទចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខជាមួយគ្រួសារសពលោក កែវ ថុន ដែលជាអតីតប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា ក្នុងទសតវត្សរ៍ទី៨០ ផងដែរ៕