(រ៉ូម)៖ ប្រទេសអ៊ីតាលី នៅថ្ងៃព្រហស្បត្តិ៍នេះ បានស្ថិតនៅក្នុងទុក្ខក្រៀមក្រំ ដោយសារការស្លាប់របស់កីឡាករបាល់ទាត់ឆ្នើម Paolo Rossi ដែលជាវីរៈបុរសរបស់អ៊ីតាលី នៅក្នុងការប្រកួតពាន់រង្វាន់ World Cup ឆ្នាំ១៩៨២ និងជាកីឡាករបាល់ទាត់ម្នាក់ ក្នុងចំណោមកីឡាករបាល់ទាត់លេចធ្លោរ នៅក្នុងប្រវត្តិសាស្ត្របាល់ទាត់អ៊ីតាលី, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះ។

Rossi ដែលមានជំងឺមហារីកសួត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានស្លាប់បាត់បង់ជីវិត នៅយប់ថ្ងៃពុធ ក្នុងវ័យ៦៤ឆ្នាំ។ ប៉ុន្តែព័ត៌មាន មិនបានចេញផ្សាយជាសាធារណៈនោះទេ រហូតដល់ថ្ងៃព្រហស្បត្តិ៍ ទើបមានការចេញផ្សាយ ពីស្ថានីយ៍ទូរទស្សន៍ RAI Sport ជាកន្លែងការងារ ដែលលោក Rossi ធ្លាប់បានធ្វើការជាអ្នកអត្ថាធិប្បាយបាល់ទាត់។

ការបង្ហាញខ្លួនចុងក្រោយរបស់លោក Rossi នៅក្នុងក្រុមជម្រើសជាតិគឺ ក្នុងឆ្នាំ១៩៨៦, អំឡុងពេលប្រកួតមិត្តភាព ដោយឈ្នះក្រុមជម្រើសជាតិចិន ក្នុងលទ្ធផល២ទល់នឹង០ នាទីក្រុង Naples របស់អ៊ីតាលី។

បន្ទាប់ពីចូលនិវត្តន៍ពីកីឡាករបាល់ទាត់, Rossi បានបម្រើការងារជាអ្នកអត្ថាធិប្បាយការប្រកួតបាល់ទាត់ ឲ្យស្ថានីយ៍ទូរទស្សន៍ Sky Sports, Mediaset Premium និងទូរទស្សន៍ RAI Sport៕