(អាមេរិក)៖ ក្រុមហ៊ុនអ៊ីនធើណែតយក្សរបស់អាមេរិក Google បានរងការផាកពិន័យជាទឹកប្រាក់ចំនួន ១០០លានអឺរ៉ូ (ប្រហែល ១២១ លានដុល្លារអាមេរិក) ពីអាជ្ញាធរបារាំង ដោយសារតែបានល្មើសនឹងច្បាប់គ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មអនឡាញ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០។
គណៈកម្មការការពារភាពជាឯកជន និងសិទ្ធរបស់បារាំង បាននិយាយថា ក្រុមហ៊ុន Google បានប្រើប្រាស់បច្ចេកទេសរបស់ ខ្លួន ក្នុងការរក្សាទុកនូវអ្វីដែល អ្នកប្រើប្រាស់នៅក្នុងប្រទេសបារាំងបានស្វែងរកតាមរយៈ Google នៅលើកុំព្យូទ័ររបស់អតិថិជន ដោយ មិនបានប្រាប់មុន ឬជូនដំណឹងអំពីការរក្សាទុកព័ត៌មានទាំងនេះឡើយ។ ការរក្សាទុកនេះ គឺ Google ប្រើដើម្បី ដាក់បង្ហាញផ្ទាំង ផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗទៅលើគេហទំព័រដែលអ្នកប្រើប្រាស់បានបើក។
តាមការបញ្ជាក់ពីនិយតករបារាំងបានឱ្យដឹងថា ក្រុមហ៊ុន Google បានប្រើ cookies នៅលើ Browser ដើម្បី លក់ពាណិជ្ជកម្ម និង ទាញយកផលប្រយោជន៍ ដែលការធ្វើបែបនេះ មិនបានជួនដំណឹងដល់អ្នកប្រើប្រាស់នោះទេ ពោលគឺវាល្មើសនឹងច្បាប់នៅក្នុង ប្រទេសបារាំង។
French ePrivacy laws បានបញ្ជាក់ថា ក្រុមហ៊ុន Google បានបង្ហាញភស្ដុតាងមួយចំនួនពាក់ព័ន្ធនឹងបញ្ហានេះ ប៉ុន្តែភស្ដុតាង ទាំងនោះមិនច្បាស់លាស់ឡើយ ពោលគឺមិនអាចបញ្ជាក់ពីភាពស្អាតស្អំរបស់ Google ឡើយ ដូច្នេះហើយទើប បារាំងសម្រេចចិត្ត ផាកពិន័យ៕