(ភ្នំពេញ)៖ ទីបំផុតអ្នកចាំទីជម្រើសជាតិកម្ពុជា ជា វណ្ណសាក់ បានផ្ទេរទៅកាន់ទឹកដីអង្គរ ដោយចូលរួមជាមួយក្លិបអង្គរថាយហ្គឺរ ជាផ្លូវការហើយ បន្ទាប់ពីចែកផ្លូវជាមួយក្លិបវិសាខា កាលពីថ្មីៗ ។ នេះបើយោងតាមការប្រកាសលើបណ្ដាញសង្គមរបស់ក្លិបមានមូលដ្ឋាននៅខេត្តសៀមរាប កាលពីម្សិលមិញ។
ជា វណ្ណសាក់ គឺជាសមាជិកចំណូលថ្មីដំបូងរបស់ក្រុមអង្គរថាយហ្គឺរ ដើម្បីត្រៀមរដូវកាលថ្មី ឆ្នាំ២០២១។ តែកន្លងមកថ្មីៗ ក្រុមចំណាត់ថ្នាក់លេខ៧ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២០ នេះ ក៏បានបង្ហើបពីការនាំចូលកីឡាករវ័យក្មេង ២រូបផ្សេងផងដែរ ពោលគឺរង់ចាំតែថ្ងៃប្រកាសផ្លូវការប៉ុណ្ណោះ។
សូមរំឮកថា ជា វណ្ណសាក់ បានចំណាយពេល ៤រដូវកាលជាមួយក្លិបចាស់ ពោលគឺតាំងពីវិសាខា លេងក្របខណ្ឌលីគទី២ ឆ្នាំ២០១៧ ហើយបានជួយក្រុមសេះជំទង់នេះឡើងមកលេងលីគកំពូលនៅឆ្នាំបន្ទាប់ រហូតដល់បច្ចុប្បន្ន។ ដូច្នេះអង្គរថាយហ្គឺរ គឺជាក្លិបអាជីពទី២ ដែលអតីតយុវជនថ្នាលព្រះខ័នរាជស្វាយរៀងនេះលេងឲ្យក្នុងក្របខណ្ឌលីគកំពូលកម្ពុជា៕