(សេអ៊ូល)៖ ក្រុមហ៊ុនផលិតរថយន្ត Hyundai Motor Group រួមនឹងអគ្គនាយក លោក Euisun Chung បានយល់ព្រមទិញភាគហ៊ុនចំនួន ៨០ ភាគរយរបស់ក្រុមហ៊ុនផលិតរ៉ូបូត (Robot) Boston Dynamics ពីក្រុមហ៊ុនវិនិយោគយក្ស SoftBank Group Corp ។ នេះបើយោងតាមការ ចេញ ផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០។
ប្រភពដែលជិតស្និទ្ធបានបង្ហើបប្រាប់សារព័ត៌មាន Reuters ថា ការទិញលក់ខាងលើនេះ មានទំហំទឹកប្រាក់ចន្លោះពី ៧៣៦ ទៅ ៨២៨លាន ដុល្លារអាមេរិក ដែលក្នុងនោះលោក Euisun Chung បានយល់ព្រមទិញភាគហ៊ុនចំនួន ២០ភាគរយ និងក្រុមហ៊ុន Hyundai ទិញ ៦០ភាគរយ។
Boston Dynamics គឺជាក្រុមហ៊ុនមួយដែលមានជំនាញខាងផលិតរ៉ូបូត ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩២ ហើយនៅឆ្នាំ ២០១៣ ត្រូវបានក្រុមហ៊ុន Google ទិញយក និងលក់វិញទៅឱ្យក្រុមហ៊ុន SoftBank ហើយនៅពេលនេះ ត្រូវបានក្រុមហ៊ុន Hyundai ជាម្ចាស់ដែល មាន ភាគហ៊ុនច្រើនជាងគេវិញ។
ប្រភពខាងលើមិនបានបង្ហើបប្រាប់ពីគោលបំណងនៃការទិញក្រុមហ៊ុននេះទេ ប៉ុន្តែលោក Euisun Chung ដែលជាអគ្គនាយក ក្រុមហ៊ុន Hyundai បាននិយាយកាលពីខែតុលាកន្លងទៅនេះថា រ៉ូបូតនឹងដើរតួជំនួសឱ្យកម្លាំងពលកម្មមនុស្ស ២០ភាគរយ នៅក្នុងក្រុមហ៊ុននាពេលអនាគត ៕