(កូរ៉េ)៖ នៅថ្ងៃទី១០ ខែធ្នូកន្លងទៅនេះ អតីតតារាប្រុសសមាជិកក្រុមចម្រៀង Bing Bang លោក Seungri បានបង្ហាញខ្លួនក្នុងសវនាការលើកទី៤។ តារារូបនេះ ត្រូវបានចោទប្រកាន់ពីបទបញ្ឆោត និងជួយរកនារីរកស៊ីផ្លូវភេទឱ្យភ្ញៀវរបស់លោក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Koreaboo នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០។
ទន្ទឹមគ្នានេះ មាននារីពេស្យាចារពីរូប ឡើងផ្តល់សក្ខីកម្ម ក្នុងនាមជាសាក្សី ខណៈសាក្សីទី១ បានថ្លែងប្រាប់តុលាការថា នាងបានធ្វើដំណើរទៅផ្ទះមួយកន្លែង ដោយមិនដឹងថាជាផ្ទះរបស់ Seungri ឡើយ ហើយពេលទៅដល់ នាងគ្រាន់តែដឹងថា វាពិតជាផ្ទះរបស់ Seungri ដោយសាររូបគេក៏នៅទីនោះដែរ។ បន្ថែមពីនេះ នាងបានទទួលប្រាក់ថ្លៃឈ្នួលពីបុគ្គលទី៣ ដែលមិនមែនជា Seungri។
សាក្សីទី១ បន្តប្រាប់តុលាការថា នាងបានផ្តល់សេវាកម្មពេស្យាចារទៅដល់បុរសជនជាតិជប៉ុន ដែលជាភ្ញៀវរបស់លោក Seungri នៅអំឡុងខែធ្នូ ឆ្នាំ២០១៥។ តែយ៉ាងណា ចំពោះការផ្តល់សក្ខីកម្មទាំងនេះ ពីសំណាក់សាក្សីទី១ ត្រូវបានអតីតតារាចម្រៀង Seungri បដិសេធទាំងអស់។
ដោយឡែក សាក្សីទី២ ក៏បានបន្តផ្តល់សក្ខីកម្មទៅកាន់តុលាការ ក្នុងន័យស្រដៀងគ្នានឹងសាក្សីទី១ដែរ ដោយនាងឆ្លើយថា កំឡុងពេលរដូវកាលបុណ្យណូអែល ខែធ្នូ ឆ្នាំ២០១៥ នាងត្រូវបានបុគ្គលម្នាក់ដឹកទៅសណ្ឋាគារ។ បន្ទាប់ពីនាងបានចូលទៅខាងក្នុងសណ្ឋាគារ នាងក៏ដឹងថា វាអាចជាទីលំដ្ឋានរបស់លោក Seungri។ ក្នុងផ្ទះនោះ គឺមានបុរស៣ទៅ៤នាក់ ហើយលោក Yoo In Suk ក៏នៅទីនោះដែរ។
គួរជម្រាបថា លោក Yoo In Suk គឺជាអតីតនាយកប្រតិបត្តិក្រុមហ៊ុន Yuri Holding ហើយក៏ត្រូវជាស្វាមីរបស់តារាស្រី Park Han Byul ផងដែរ។ លោកត្រូវបានចោទប្រកាន់ពីបទ បញ្ឆោតនារីពេស្យាចារ និងបទ ប្រើមូលនិធិ Yuri Holding ដោយមិនត្រឹមត្រូវ។
យ៉ាងណាមិញ សម្រាប់សវនាការលើកទី៥ របស់អតីតតារាចម្រៀង Seungri សមាជិក Big Bang គឺនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ខាងមុខ៕