(ចិន)៖ ក្រុមហ៊ុន Huawei បានរៀបចំកិច្ចប្រជុំកំពូលប្រចាំឆ្នាំលើកទី២ TrustInTech Summit ដែលត្រូវបានចូលរួមដោយអ្នកជំនាញផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា បណ្ឌិតសភា និងអ្នកជំនាញសេដ្ឋកិច្ច មកពីជុំវិញពិភពលោក។

វាគ្មិនរួមមាន អគ្គនាយកប្រតិបត្តិក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Huawei និងជាប្រធាន Carrier Business Group លោក Ryan Ding, វិនិយោគិនអន្តរជាតិ លោក Jim Rogers, GSMA CMO លោក Stephanie Lynch-Habib និងវាគ្មិនផ្សេងៗទៀត។

ដោយផ្តោតលើបញ្ហាប្រឈមថ្មីៗ ដែលពិភពលោកជួបក្នុងឆ្នាំ២០២០ កិច្ចប្រជុំកំពូលបានបង្ហាញពីតួនាទីសំខាន់ របស់បច្ចេកវិទ្យាព័ត៌មានវិទ្យា ជាហេដ្ឋារចនាសម្ព័ន្ធឌីជីថលដ៏សំខាន់ ដើម្បីគាំទ្រដល់សុខុមាលភាពសង្គម និងការងើបឡើងវិញនៃសេដ្ឋកិច្ច។

ដោយមើលឃើញពីនិន្នាការកើនឡើង នៃការកការបំបែកបច្ចេកវិទ្យា កិច្ចប្រជុំកំពូលបានសង្កត់ធ្ងន់ លើភាពចាំបាច់ក្នុងការចាប់យកកិច្ចសហប្រតិបត្តិការ បើកចំហក៏ដូចជាការអំពាវនាវ ឲ្យកម្ចាត់នូវការភ័យខ្លាចដែលមិនចាំបាច់ ក្នុងការទទួលយកបច្ចេកវិទ្យាថ្មីៗ។

នៅឆ្នាំ២០២០ បច្ចេកវិទ្យាព័ត៌មានវិទ្យាដើរតួនាទីយ៉ាងសំខាន់ ក្នុងការបន្តការងារនិងផលិតកម្ម ក្នុងកំឡុងពេលដែលមានជំងឺរាតត្បាត។ ទន្ទឹមនឹងនេះដែរ ឆ្នាំ២០២០ ជាឆ្នាំដែលឆ្លុះបញ្ចាំងឲ្យមើលឃើញ ពីការលូតលាស់យ៉ាងឆាប់រហ័សនៃអាជីវកម្មបច្ចេកវិទ្យាកម្មវិធី5G។

ក្រុមហ៊ុនពិគ្រោះយោបល់ពិភពលោក STL Partners បានប៉ាន់ស្មានថា ស្ថានការណ៍ដែលអាចបើកដំណើរការប្រព័ន្ធ 5G នឹងជួយបង្កើនផលិតផលក្នុងស្រុកសរុប (GDP) សកលប្រមាណ១.៤លានលានដុល្លារ នៅឆ្នាំ២០៣០។

ក្នុងកិច្ចប្រជុំកំពូលនេះ លោក Chris Barraclough សហស្ថាបនិកក្រុមហ៊ុន STL Partners បានសង្កត់ធ្ងន់លើតួនាទីផ្លាស់ប្តូររបស់ ប្រព័ន្ធ 5G ក្នុងវិស័យផលិតកម្ម ថាមពល និងវិស័យសុខាភិបាល។

អ្នកជំនាញខាងអភិវឌ្ឍន៍ប្រព័ន្ធឌីជីថល របស់សហគ្រាសក្រុមហ៊ុន Huawei លោក Edwin Diender ក៏បានបកស្រាយដោយពន្យល់ពីតួនាទីរបស់ ប្រព័ន្ធ 5G , បញ្ញាសិប្បនិម្មិត (AI), ទិន្នន័យខ្នាតធំ និង Cloud Computing បានជំរុញឲ្យមានការពិនិត្យ និងធ្វើរោគវិនិច្ឆ័យថ្នាំ ការត្រួតពិនិត្យវៃឆ្លាត និងធ្វើការងារ និងការអប់រំពីចម្ងាយ ក្នុងពេលមានជំងឺរាតត្បាតមានភាពរហ័សជាងមុន។

GSMA CMO លោក Stephanie Lynch-Habib បានចែករំលែកថា ការចាប់ផ្តើមរបស់ប្រព័ន្ធ 5G នៅក្នុងឆ្នាំ ២០២០ បាននាំមកនូវបណ្តាញ5G ប្រមាណ ១០០ នៅក្នុងប្រទេសចំនួន៤៧ ហើយនៅក្នុងតំបន់មួយចំនួន កំពុងតែមានភាពឈានមុខគេ ក្នុងការធ្វើឲ្យប្រព័ន្ធ 5G ក្លាយទៅជាកម្មវិធីដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។
ប្រព័ន្ធ 5G នឹងជះឥទ្ធិពលដល់ឧស្សាហកម្ម ដែលផ្តោតលើអ្នកប្រើប្រាស់ដូចជា ពាណិជ្ជកម្មអេឡិចត្រូនិច ក៏ដូចជាការជំរុញសេវាកម្មប្រកបដោយភាពច្នៃប្រឌិតដូចជា តថភាពនិម្មិត (Virtual Reality)និង បង្កើនតថភាពជាក់ស្តែងបន្ថែមទៀត។

គម្រូបង្រួមបណ្តាញស្តង់ដារ និងបច្ចេកវិទ្យាកុំព្យូទ័រចុងក្រោយ នឹងផ្តល់នូវភាពជឿជាក់ខ្ពស់ ភាពយឺតយ៉ាវមានកំរិតទាប ការបញ្ជូនទិន្នន័យខ្ពស់ និង ការប្តូរតាមតម្រូវការសេវាកម្ម។ លោក Lynch-Habib បានសង្កត់ធ្ងន់ថា «ក្រុមការងាររបស់យើង នឹងបន្តការគាំទ្រនិងលើកកម្ពស់ស្តង់ដារពិភពលោកជានិច្ច»។

ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍ផ្សាយផ្ទាល់ជាក់ស្តែង លោក Paul Scanlan នៅខាង Huawei Carrier Business Group CTO បានហៅព្រឹត្តិការណ៍ឆ្នាំ២០២០ ថាជាព្រឹត្តិការណ៍ «Sputnik»។

លោក Scanlan បានថ្លែងថា «ស្រដៀងនឹងវិធីដែលផ្កាយរណប Sputnik បង្កើតឡើងដំបូងដោយមនុស្ស ដែលត្រូវបានបាញ់បង្ហោះដោយជោគជ័យក្នុងឆ្នាំ១៩៥៧ ដែលនាំមនុស្សជាតិចូលទៅយុគនៃការរុករកអវកាស ស្របពេលដែលបច្ចេកវិទ្យា 5G កំពុងតែមានការអភិវឌ្ឍន៍ គ្រប់យ៉ាងនឹងត្រូវផ្លាស់ប្តូរ»។

លោកថា «ឧស្សាហកម្មនេះ បានចាប់ផ្តើមរីកលូតលាស់លឿន លើការអនុម័តប្រព័ន្ធ 5G ដោយផ្តល់ជូននូវការកាត់បន្ថយវិសាលគម ការបង្កើតគំរូអាជីវកម្មច្នៃប្រឌិត និងការដឹកនាំនៃការផ្លាស់ប្តូរឧស្សាហកម្ម។ នេះជាអ្វីដែលមិនធ្លាប់កើតមាននៅឡើយទេ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ»

ភ្ញៀវកិត្តិយសជាច្រើន នៅក្នុងព្រឹត្តិការណ៍នេះ បានធ្វើអត្ថាធិប្បាយអំពីការអនុម័តដំបូង និងរបកគំហើញបច្ចេកវិទ្យាសំខាន់ៗ ដោយនិយាយថា វាតែងតែមានការមិនទុកចិត្ត និងភាពភ័យខ្លាចនូវអ្វីដែលថ្មី។

ឧទាហរណ៍ ក្នុងអំឡុងពេលបដិវត្តឧស្សាហកម្មនៅសតវត្សរ៍ទី១៩ ដោយសារតែមានការភ័យខ្លាច ចំពោះផលិតកម្មស្វ័យប្រវត្តិកម្ម រោងចក្រត្រូវបានដួលរលំ។ ដោយសារព្រឹត្តិការណ៍នៅឆ្នាំ២០២០ បាននាំឲ្យមានការដាក់ឲ្យនៅដាច់ដោយឡែក និងជាតិនិយមកាន់តែច្រើនឡើងៗ ធ្វើឲ្យមានការកើនឡើង នឹងការប្រឆាំង កិច្ចសហប្រតិបត្តិការ ឆ្លងប្រទេសហើយមានប្រទេសជាច្រើនទៀត កំពុងបិទទ្វាររបស់ខ្លួន និងបំបែកចេញពីគ្នាដោយសារតែបច្ចេកវិទ្យា។

អ្នកវិនិយោគអន្តរជាតិលោក Jim Rogers បានថ្លែងថា «អ្នកណាក៏ដោយដែលប្រកាន់យកវិធីសាស្រ្តឯកតោភាគី ចំពោះអ្វីមួយជាពិសេសចំពោះបច្ចេកវិទ្យា និងសេដ្ឋកិច្ចនឹងមានបញ្ហាជាមិនខាន។ គោលនយោបាយការបរទេសគួរតែត្រូវបានបើកចំហ។ យើងត្រូវចៀសវាងការការពារនិយមជាពិសេសនៅក្នុងបច្ចេកវិទ្យា»។

លោកក៏បាននិយាយផងដែរថា ការការពារនិយមគឺមិនល្អសម្រាប់ពិភពលោក ដូចដែលបានឃើញនៅក្នុងប្រវត្តិសាស្ត្រកន្លងមក។

លោកសាស្រ្តាចារ្យ Jin Keyu នៃសាលាសេដ្ឋកិច្ចទីក្រុងឡុងដ៍ ក៏បានបន្ថែមនៅក្នុងកិច្ចប្រជុំកំពូលនេះដែរថា «នៅក្នុងពិភពលោកសព្វថ្ងៃនេះ គេមិនសូវនិយាយ អំពីការប្រកួតប្រជែង ដៃគូប្រកួតប្រជែង និងការជំនួសនោះទេ ច្រើនតែនិយាយអំពី ការសហការ ការបំពេញគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការ»។

នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូលនេះ លោក Ryan Ding អគ្គនាយកប្រតិបត្តិក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Huawei និងជាប្រធាន Carrier Business Group បានសង្កត់ធ្ងន់ថា ប្រព័ន្ធអេកូឡូស៊ីដែលមានភាពបើកចំហនិងគួរឲ្យទុកចិត្ត គឺចាំបាច់ឲ្យមនុស្សគ្រប់គ្នាចូលរួមចែករំលែកនូវភាពរុងរឿងដែលនាំមកដោយបច្ចេកវិទ្យា។

ដើម្បីធ្វើដូចនេះបាន ឧស្សាហកម្មបច្ចេកវិទ្យាព័ត៌មានវិទ្យា ត្រូវបន្តទទួលយកស្តង់ដារបច្ចេកទេស និងសន្តិសុខរួមគ្នា។

ដោយមើលឃើញពីបរិយាកាសភូមិសាស្ត្រនយោបាយ ដ៏ស្មុគស្មាញនាពេលបច្ចុប្បន្ននេះ លោកបានសង្កត់ធ្ងន់ថា «នយោបាយគួរតែស្ថិតនៅឆ្ងាយពីបញ្ហាបច្ចេកទេស។ យើងត្រូវរក្សាសុក្រឹតភាពនិងការបើកចំហ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា»

កិច្ចសហប្រតិបត្តិការក្នុងឧស្សាហកម្ម មិនមែនជាល្បែងបូកបញ្ចូលគ្នាស្មើរសូន្យនោះទេ។ ប្រសិនបើវិធីសាស្រ្តដាច់ដោយឡែកត្រូវបានអនុវត្តក្នុងពេលនេះ ខណៈពេលដែលបច្ចេកវិទ្យាថ្មី កំពុងដោះស្រាយតម្លៃសង្គម និងធុរកិច្ចក្នុងកំរិតលឿនជាងនេះ ជនរងគ្រោះនឹងមិនមែនត្រឹមជាក្រុមហ៊ុនតែមួយនោះទេ៕