(ភ្នំពេញ)៖ លោក Oleg Starynskyi គ្រូបង្វឹកក្រុមបាល់ទាត់ភ្នំពេញក្រោន បានបង្ហាញនូវសុទិដ្ឋិនិយមចំពោះកូនក្រុម បន្ទាប់ពីធ្វើការប្រមូលផ្ដុំហ្វឹកហាត់សប្ដាហ៍ដំបូងមុនផ្អាកវិញ ក្រោយផ្ទុះនូវព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ដោយលោកលើកឡើងថា ពួកគេមានការប្ដេជ្ញាចិត្ត និងមានឆន្ទៈខ្ពស់ សម្រាប់ការត្រៀមប្រកួតប្រជែងនារដូវកាលថ្មីខាងមុខ។

ក្រោយត្រឡប់មកជួបកូនក្រុមជាថ្មី លើទឹកដីកីឡដ្ឋាន Smart RSN គ្រូបង្វឹកសញ្ជាតិអ៊ុយក្រែនខាងលើបានបញ្ជាក់ថា «ខ្ញុំមានអារម្មណ៍ល្អណាស់សម្រាប់ការជួបជុំពួកគេជាលើកដំបូងនេះ។ ពួកគេមានការប្តេជ្ញាចិត្ត និងត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការធ្វើការ ខ្ញុំក៏មើលឃើញដែរថា ពួកគេមានឆន្ទៈក្នុងការប្រកួតប្រជែងជាមួយក្រុមល្អៗនៅក្នុងលីគ»។

លោក Oleg បន្ថែមថា «ស្ថិតក្នុងដំណាក់កាលនេះ ជាពេលវេលាដែលល្អបំផុតក្នុងការបន្ថែមគុណភាពរបស់ពួកគេលើទីលាន ព្រោះការធ្វើការខ្លាំងលើទីលានតែមួយមុខមិនគ្រប់គ្រាន់ឡើយ វាតម្រូវឲ្យយើងធ្វើការបន្ថែមទៀត ក្នុងនាមជាកីឡាករអាជីព។ កីឡាករត្រូវតែមានគុណភាពទាំងបច្ចេកទេស និងការសម្រេចចិត្តលើទីលាន ហើយបូករួមជាមួយនឹងគំនិតនៃការចង់ឈ្នះ ដើម្បីបង្កើតឱកាសលេង និងមានលទ្ធផលល្អដល់ក្លិបថែមទៀត»

យ៉ាងណាមិញបច្ចុប្បន្នក្លិបភ្នំពេញក្រោន ក៏ដូចជាក្លិបផ្សេងៗ គឺមិនមានការប្រមូលផ្ដុំនោះទេ ដោយគោរពវិធានក្រសួងសុខាភិបាល ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ពិសេសលុបបំបាក់ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ដែលជាករណីឆ្លងជំងឺដ៏កាចសាហាវនេះលើកដំបូង នៅក្នុងសហគមន៍កម្ពុជា កាលពីពេលថ្មីៗនេះ។

សូមរំឮកថា គ្រូបង្វឹកកម្រិត UEFA A-License លោក Oleg ធ្លាប់ដឹកនាំក្លិបភ្នំពេញក្រោនម្ដងរួចមកហើយ កាលពីរដូវកាលឆ្នាំ២០១៦-២០១៧។ ដូច្នេះនេះគឺជាលើកទី២ ហើយ ដែលលោកត្រឡប់មកដឹកនាំក្រុមសិង្ហក្រហមវិញ ក្រោយចាកចេញពីកម្ពុជាមួយរយៈធំ ទៅធ្វើការនៅប្រទេសម៉ាឡេស៊ី និងប្រទេសកំណើតរបស់ខ្លួន៕