(ភ្នំពេញ)៖ ជាការកត់សម្គាល់ បទចម្រៀងដែលមានចំណងជើងថា «អូនមិនមែនជាធនាគារ» កំពុងតែល្បីខ្លាំងលើបណ្តាញសង្គម ដោយមានមហាជនជាច្រើនគាំទ្រ និងនិយមស្តាប់។ យ៉ាងណាមិញ គ្រប់គ្នាហាក់មិនបានដឹងឡើយថា ម្ចាស់បទនេះ គឺកញ្ញា អេង ស្រីអូន ជាម្ចាស់ពានរង្វាន់លេខ២ ក្នុងកម្មវិធី «ពេជ្រកំពុងច្នៃ» និងធ្លាប់ចូលរួមប្រកួតក្នុងកម្មវិធី «Cambodia Idol» ទៀតផង។
តារាចម្រៀងសំនៀងពីរោះ កញ្ញា អេង ស្រីអូន បានធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ជាថ្មី ក្រោយពីអ្នកនាងបញ្ចេញបទចម្រៀងថ្មី ក្នុងផលិតកម្ម Gold គឺបទ «អូនមិនមែនជាធនាគារ»។ បទចម្រៀងថ្មីនេះ ទទួលបានការពេញចិត្តច្រើន បន្ទាប់ពីបទចម្រៀងមុននេះ គឺបទ «ថែអូនផងទាន់អូននៅស្រឡាញ់» ដែលទទួលបានការគាំទ្រមិនធម្មតា កាលពីពេលកន្លងទៅ។
តារាចម្រៀង អេង ស្រីអូន បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងថា នាងបានឈានជើងចូលប្រឡូកក្នុងអាជីពសិល្បៈ អស់រយៈពេល១០ឆ្នាំមក ដែលផ្តើមពីការច្រៀងតាមភោជនីយដ្ឋាន និង Pub រហូតដល់ឆ្នាំ២០១៨ ទើបនាងចូលច្រៀងក្នុងផលិតកម្ម Gold ជាផ្លូវការ និងមានបទចម្រៀងប្រមាណ១០បទ កន្លងមកហើយ។ នាងក៏ធ្លាប់ចូលរួមប្រកួតក្នុងកម្មវិធី «Cambodia Idol» រដូវកាលទី១ កាលពីអំឡុងឆ្នាំ២០១៥ ផងដែរ។
ម្ចាស់ពានរង្វាន់លេខ២ លើការប្រកួតកម្មវិធី ពេជ្រកំពុងឆ្នៃ ឆ្នាំ២០១៨ រូបនេះ បានលើកឡើងទៀតថា កន្លងទៅបទចម្រៀងរបស់នាងកន្លង ទទួលបានការគាំទ្រមួយចំនួនប៉ុណ្ណោះ មិនសូវខ្លាំងក្លាឡើយ ទើបតែមួយរយៈចុងក្រោយនេះ មានទស្សនិកជនជាច្រើន ចាប់ផ្តើមស្គាល់នាងតាមរយៈបទចម្រៀងខាងលើ។ កាន់តែស្គាល់តារាចម្រៀងស្រីវ័យ២៥ឆ្នាំរូបនេះ គឺក្រោយពីនាងបានក្លាយជាអ្នកលក់អនឡាញ។
អេង ស្រីអូន បញ្ជាក់បន្ថែម ថា បទចម្រៀងថ្មីដែលនាងទើបនឹងបញ្ចេញ ដើមឡើយមិនរំពឹងថា មានការគាំទ្រច្រើនដល់កម្រិតនេះទេ ប៉ុន្តែនាងពិតជារំភើបដែលទទួលបានការគាំទ្រច្រើនបែបនេះ ហើយនាងក៏ត្រៀមបញ្ចេញបទចម្រៀងថ្មី ទាំងបទញាក់កន្ត្រាក់អារម្មណ៍ និងមនោសញ្ចេតនា ដើម្បីបំពេញការគាំទ្ររបស់ទស្សនិកជន៕