(ភ្នំពេញ)៖ បន្ទាប់ពីមានព័ត៌មានដ៏រសើបមួយ ពាក់ព័ន្ធជាមួយនឹងបវរកញ្ញាឯកចក្រវាឡ ជយលាភីលេខ៣ ឆ្នាំ២០២០ គឺកញ្ញា ឌី សារៈក្ខិតា ត្រូវបានដកតំណែង និងបញ្ចប់កិច្ចសន្យាទាំងពាក់កណ្តាលទី ក្រោយកម្មវិធីប្រកួតប្រជែងបានបញ្ចប់ទៅហើយនោះ លោក ម៉ែន និមលរ័ត្ន ដែលជាអ្នកគ្រប់គ្រង និងរៀបចំកម្មវិធីខាងលើ បានចេញមុខបដិសេធភ្លាមៗ ថាព័ត៌មានខាងលើនេះ ពុំមែនជាការពិតនោះឡើយ។
លោក ម៉ែន និមលរ័ត្ន បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងនៅថ្ងៃនេះថា សម្រាប់បេក្ខនារីជយលាភីលេខ៣ កញ្ញា ឌី សារៈក្ខិតា ពុំត្រូវបានដកចេញពីតំណែង ឬបញ្ចប់កិច្ចសន្យាអ្វីនោះឡើយ ពោលគឺដោយសារតែនាងមានជំងឺគ្រុនឈីកកម្រិតធ្ងន់ ដែលធ្វើឲ្យរូបលោកត្រូវតាមដាន និងសួរនាំពីដំណឹងនេះជាបន្តបន្ទាប់ ខណៈដែលនៅក្រោយថ្ងៃប្រឡងផ្តាច់ព្រ័ត្រមួយថ្ងៃ នាងមានអការៈធ្វើទុក្ខខ្លាំង ស្ទើរតែសន្លប់បាត់ស្មារតីទៅហើយ និងបានទៅមន្ទីរពេទ្យភ្លាមៗ។
លោក ម៉ែន និមលរ័ត្ន និយាយថា «សារៈក្ខិតា គាត់អត់បានដកតំណែងអ្វីទេ ប៉ុន្តែគាត់ឈឺធ្ងន់ ហើយខ្ញុំនៅតាមដានគាត់រាល់ថ្ងៃហ្នឹង..!»។
អ្នកគ្រប់គ្រងកម្មវិធីរូបនេះ បានបន្តទៀតថា រហូតមកដល់ពេលនេះ អការៈរបស់កញ្ញា សារៈក្ខិតា បានធូរស្រាលបន្តិចហើយ ដោយនាងបានចេញពីមន្ទីរពេទ្យ ប៉ុន្តែបន្សល់ទុកនូវស្លាកស្នាមកន្ទួលក្រហមនៅលើខ្លួន និងត្រូវបញ្ចូលឈាម ព្រោះតែខ្វះគ្រាប់ឈាមក្រហម ដែលធ្វើឲ្យនាងមានសភាពស្លេកស្លាំង និងស្រកគីឡូ។
គួរបញ្ជក់ថា ថ្មីៗនេះមានការលេចឮព័ត៌មានថា កញ្ញា ឌី សារៈក្ខិតា ម្ចាស់ជយលាភីលេខ៣ កម្មវិធី «Miss Universe Cambodia» ឆ្នាំ២០២០ បានសម្រេចចិត្តដើរចេញពីតំណែងរបស់ខ្លួន និងបានបញ្ចប់កិច្ចសន្យា ព្រោះតែមានការអាក់អន់ស្រពន់ចិត្តនឹងជយលាភីរបស់ខ្លួន។ ដោយនាងសុខចិត្តសំងំនៅតែក្នុងផ្ទះ និងងាកទៅរកការងារផ្សេងជំនួសវិញ។
តែយ៉ាងណា ការលើកឡើងខាងលើ និងដំណឹងទាំងនេះ ត្រូវបានលោក ម៉ែន និមលរ័ត្ន ដែលជាអ្នកគ្រប់គ្រងបានបញ្ជាក់ថា មិនមែនជាការពិតនោះទេ៕