(ញូយ៉ក)៖ ក្រុមហ៊ុនបចេ្ចកវិទ្យាអាមេរិក Apple បានបញ្ជាក់ថា នាយកប្រតិបត្តិរបស់ខ្លួនគឺលោក ធីម ខុក (Tim Cook) នឹងចូលរួមហើយថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំកំពូលមួយរបស់អង្គការសហប្រជាជាតិ (UN) ស្តីពីការប្តេជ្ញាចិត្តប្រកបដោយមហិច្ឆតាពាក់ព័ន្ធនឹងបញ្ហាអាកាសធាតុ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី១១ ខែធ្នូ ឆ្នាំ២០២០។
កិច្ចប្រជុំកំពូលខាងលើនឹងត្រូវធ្វើឡើងនៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ តាមប្រព័ន្ធវីដេអូអនឡាញ ក្នុងខួបលើកទី៥នៃកិច្ចព្រមព្រៀងអន្តរជាតិទីក្រុងប៉ារីសស្តីពីបញ្ហាបម្រែបម្រួលអាកាសធាតុសកល និងនៅមុនសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុរបស់ UN ដែលនឹងប្រព្រឹត្តទៅនៅឯទីក្រុង Glasgow នៃប្រទេសស្តុតឡែន នាខែវិច្ឆិកា ឆ្នាំក្រោយ។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស ត្រូវបានបង្កើតឡើងក្រោមគោលកំណត់កម្រិតនៃកំណើនសីតុណ្ហភាពសកលឲ្យនៅត្រឹម១.៥អង្សាសេ ដែលក្រុមអ្នកវិទ្យាសាស្រ្តជឿជាក់ថា អាចទប់ស្កាត់នូវផលប៉ះពាល់យ៉ាងអាក្រក់បំផុតនៃការប្រែប្រួលអាកាសធាតុ។ រីឯក្រុមហ៊ុន Apple ក្នុងឆ្នាំនេះ បានប្តេជ្ញាកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នៅក្នុងប្រតិបត្តិការសាជីវកម្មរបស់ខ្លួន ហើយក៏បានដាក់ចេញផែនការដើម្បីធ្វើឲ្យខ្សែបណ្តាញផ្គត់ផ្គង់ និងផលិតផលទាំងអស់របស់ខ្លូន កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឲ្យចុះមកកម្រិតសូន្យដូចគ្នាផងដែរ នៅឆ្នាំ២០៣០៕