(ហាឡាវ៉ាន់)៖ ប្រធានាធិបតីគុយបា លោក មីហ្គូល ឌីអាស ខានែល (Miguel Diaz-Canel) កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានប្រកាសថា ប្រទេសលោកនឹងបង្រួមប្រព័ន្ធរូបិយបណ្ណជាតិខ្លួន ដែលកន្លងមកមានចំនួន២ផ្សេងគ្នាឲ្យមកនៅត្រឹម១វិញ ខណៈប្រព័ន្ធរូបិយបណ្ណពីរខុសគ្នានេះ ត្រូវបានប្រើរហូតមកអស់រយៈពេលប្រមាណ២៥ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី១១ ខែធ្នូ ឆ្នាំ២០២០។

ក្នុងសេចក្តីប្រកាសដែលត្រូវបានផ្សាយតាមវិទ្យុជាតិនិងកញ្ចក់ទូរទស្សន៍ លោក Diaz Canel បាននិយាយថា ប្រទេសតំបន់ការីបៀននេះ នឹងងាកទៅប្រើប្រាស់រូបិយបណ្ណ «ប៉េសូ» របស់ខ្លួន ហៅថា Cuban Peso ឬ CUP ជារូបិយបណ្ណផ្លូវការតែមួយគត់ ហើយនឹងបោះបង់នូវរូបិយបណ្ណមួយទៀតហៅថា Cuban Convertible Peso ឬ CUC នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១។

គួរបញ្ជាក់ថា តម្លៃលុយ Peso ធម្មតារបស់គុយបាគឺ ២៤ CUP ទើបស្មើនឹង១ដុល្លារសហរដ្ឋអាមេរិក ចំណែកតម្លៃលុយ Convertible Peso វិញ គឺ ១ CUC ស្មើនឹង១ដុល្លារសហរដ្ឋអាមេរិក។ លុយ Convertible Peso ត្រូវបានបង្កើតឡើងដំបូងក្នុងគោលបំណងជំនួសលុយដុល្លាររបស់អាមេរិក ដែលត្រូវបានជួញដូរក្នុងទីផ្សារងងឹត អំឡុងសម័យវិបត្តិសេដ្ឋកិច្ចគុយបាកាលពីទសវត្សរ៍ឆ្នាំ១៩៩០។

បច្ចុប្បន្ន លុយ Peso ធម្មតា ត្រូវបានប្រើប្រាស់ដោយប្រជាជនគុយបាទូទៅ ខណៈលុយ Convertible Peso ភាគច្រើនត្រូវបានចាយវាយដោយភ្ញៀវទេសចរបរទេស។ ប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលគុយបាក៏ធ្លាប់បានទទួលស្គាល់រួចមកហើយផងដែរពីផលលំបាកផ្សេងៗ នៃការមានរូបិយបណ្ណពីរផ្សេងគ្នា និងអត្រាប្តូរប្រាក់តម្លៃខុសគ្នា៕