(ក្រុងឡុងដ៍)៖ លោក David Moyes អ្នកចាត់ការទូទៅនៃក្លិប West Ham United បានថ្លែងក្នុងសន្និសីទព័ត៌មានថា ប្រព័ន្ធវីដេអូជំនួយការអាជ្ញាកណ្តាល VAR នៅក្នុងក្របខណ្ឌលីគកំពូលអង់គ្លេស Premier League មានពេលខ្លះកាត់ក្តីគួរឲ្យខ្លាចជាទីបំផុត។

លោកថា «មានពេលខ្លះ ការសម្រេចរបស់ VAR គួរឲ្យភ័យខ្លាចបំផុតដែលបានកំពុងតែកើតឡើងនាពេលថ្មីៗនេះ។ អ្នករាល់គ្នាក៏បានឃើញពីបញ្ហារបួសជើងរបស់អ្នកចាំទី Fabianski ដែលត្រូវ X-rayed។ វាប្រៀបបីដូចជាការសម្រេច មានចរិតប្លន់អីចឹង ដែលធ្វើឲ្យខ្ញុំចាំមិនភ្លេច និងខឹងដល់ពេលនេះ»

ក្រុមញញួរធំរបស់លោក David Moyes ក៏ត្រូវបានក្រុមម្ចាស់ផ្ទះ Leeds United បានបើកការនាំមុខ ១គ្រាប់មុននៅ នាទីទី៦ ដោយបាល់ប៉េណាល់ទីដែលត្រូវបានកាត់សេចក្តីដោយ VAR ផងដែរ មុនពេលកីឡាករ Soucek និង Ogbonna រកបានម្នាក់ ១គ្រាប់វាយបកយកជ័យជម្នះ ២-១ នៅនាទី២៥ និងនាទីទី៨០ ដើម្បីជួយក្រុមឡើងទៅឈរនៅចំណាត់ថ្នាក់លេខ៥ ក្នុងតារាង Premier League បណ្តោះអាសន្នវិញ៕