(កូរ៉េ)៖ សារព័ត៌មានក្នុងស្រុករបស់កូរ៉េ បានរាយការណ៍ថា អ្នកដឹកនាំរឿងល្បីឈ្មោះមួយរូបដែលធ្លាប់ដឹកនាំរឿង «Crocodile» ឆ្នាំ១៩៩៦នោះ បានទទួលមរណភាព ដោយសារជំងឺកូវីដ១៩ ក្នុងវ័យ៦០ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Soompi នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០។

ក្នុងសេចក្តីរាយការណ៍នោះ បានបន្ថែមថា លោក Kim Ki Duk បានទៅប្រទេស Latvia តាំងពី ខែវិច្ឆិកា ឆ្នាំ២០២០ មកម្ល៉េះ ដើម្បីទិញផ្ទះនៅទីនោះ ដើម្បីធ្វើលិខិតស្នាក់នៅ។ យ៉ាងណាមិញ បច្ចុប្បន្ននេះក៏មានការបញ្ជាក់ថា លោកត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថា មានជំងឺកូវីដ១៩ ហើយបានស្លាប់នៅក្នុងមន្ទីរពេទ្យតែម្តង។

ក្រុមការងាររបស់ផលិតកររូបនេះ បានបញ្ជាក់ប្រាប់សារព័ត៌មាន Sports Chosun ថា លោក Kim Ki Duk បានទទួលមរណភាពក្នុងប្រទេស Latvia។

គួរជម្រាបថា លោក Kim Ki Duk បានកើតនៅក្នុឆ្នាំ១៩៦០។ ការងាររបស់លោកចាប់ផ្តើមឡើងតាមរយៈការដឹកនាំរឿង «Crocodile» ឆ្នាំ១៩៩៦។ លោកបានក្លាយជាអ្នកផលិតខ្សែភាពយន្តដ៏ល្បីល្បាញ ដែលត្រូវបានគេទទួលស្គាល់ជាអន្តរជាតិ ពោលគឺជាអ្នកដឹកនាំភាពយន្តរបស់កូរ៉េតែម្នាក់គត់ ដែលទទួលពានរង្វាន់អន្តរជាតិរបស់ពិភពលោកធំៗបី រួមមានពានរង្វាន់ពីមហោស្រ្ព Cannes, Venice និង Berlin៕