(អាមេរិក)៖ ក្រុមហ៊ុន Samsung Electronics គ្រោងនឹងបញ្ជូនបុគ្គលិករាប់រយនាក់ដែលកំពុងបម្រើការងារនៅក្នុងរោងចក្រ ផលិត អេក្រង់ ឱ្យទៅធ្វើការងារនៅក្នុងរោងចក្រផលិតបន្ទះឈីបវិញ ដែលព័ត៌មាននេះ សបញ្ជាក់ឱ្យឃើញថា Samsung អាចនឹង បិទ រោងចក្រផលិតអេក្រង់ LCD ក្នុងពេលឆាប់ៗ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន gizmochina នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា បុគ្គលិក Samsung ប្រមាណជា ១០០ ទៅ២០០នាក់ ដែលបម្រើការងារក្នុងរោងចក្រផលិតអេក្រង់ LCD នឹងត្រូវប្ដូរឱ្យទៅធ្វើការរោងចក្រ ផលិត បន្ទះ ឈីបវិញ។

ការប្ដូរនេះ ក្រុមហ៊ុន Samsung មិនបានបង្ខំបុគ្គលិកនោះទេ ដោយនៅពេលនេះបានរៀបចំក្រុមការងារសម្រាប់ ទទួល ចុះឈ្មោះ សម្រាប់បុគ្គលិកណាដែលចង់ប្ដូរទៅ និងបុគ្គលិកដែលមិនចង់ប្ដូរទៅ ប៉ុន្តែបើតាមការបញ្ជាក់ពីក្រុមហ៊ុនផ្ទាល់ គឺមានបុគ្គលិកជាច្រើន អាចនឹងប្ដូរទៅ។

ក្រុមហ៊ុន Samsung បានផ្ទេរ បុគ្គលិកពីរោងចក្រផលិតអេក្រង់ ទៅកាន់រោងចក្រផលិតបន្ទះឈីប ចំនួន ២០០នាក់ ម្ដងរួចទៅហើយ កាលពីខែសីហា ឆ្នាំ២០២០ កន្លងទៅនេះ ខណៈដែលតាមផែនការ ក្រុមហ៊ុន Samsung គ្រោង បិទរោងចក្រ ផលិត អេក្រង់ LCD នៅខែមីនា ឆ្នាំ២០២១ ៕