(ភ្នំពេញ)៖ ក្លិបអង្គរថាយហ្គឺរ បានបង្ហាញសមាជិកថ្មី ២រូបទៀតហើយ ដើម្បីត្រៀមរដូវកាលក្រោយ រួមមានខ្សែបម្រើ ឡុង ម៉េងហាវ អតីតសមាជិកក្លិបវិសាខា និងអគ្គិសនីកម្ពុជា និងខ្សែប្រយុទ្ធសញ្ជាតិតុងហ្គា ATA Inia ដែលជាអតីតយុវជនថ្នាលក្លិប Lazio FC នៃលីគកំពូលអ៊ីតាលី។

ATA Inia ធ្លាប់ទទួលបានការបណ្ដុះបណ្ដាល ជាមួយថ្នាលក្លិប Lazio FC កាលពីឆ្នាំ២០១៤-២០១៥ មុនផ្ទេរមកកាន់ទឹកអូស្ដ្រាលី ដោយចូលរួមជាមួយយុវជនថ្នាលក្លិប Melbourne City FC ឆ្នាំ២០១៦-២០១៧ ។ រីឯ ៣រដូវកាលចុងក្រោយ ATA បានលេងក្របខណ្ឌលីគទី២ អូស្ដ្រាលី ជាមួយក្លិប Melbourne Knights FC ឆ្នាំ២០១៨-២០១៩ និងក្លិប Caroline Spings George Cross FC ឆ្នាំ២០២០។

កីឡាករមានប្រភពពីតំបន់អូសេអានីនេះ បានក្លាយជាកីឡាករបរទេសដំបូងរបស់ក្លិបអង្គរថាយហ្គឺរ សម្រាប់ត្រៀមរដូវកាលថ្មី ឆ្នាំ២០២១ ខាងមុខ ស្របពេលអ្នកគាំទ្រក្រុមមានមូលដ្ឋាន នៅខេត្តសៀមរាបនេះ ក៏កំពុងទន្ទឹងរង់ចាំអ៊ុតការបង្ហាញសមត្ថភាពលើកដំបូងរបស់ខ្សែប្រយុទ្ធកម្ពស់ ១.៨៣ម៉ែត្រនេះផងដែរ។

ដោយឡែកខ្សែបម្រើវ័យក្មេង ឡុង ម៉េងហាវ គឺជាអតីតយុវជនសាលាបាល់ទាត់ជាតិបាទី ពីឆ្នាំ២០១៣ ដល់ដំណាច់ឆ្នាំ២០១៨។ រដូវកាលឆ្នាំ២០១៩ យុវជនមានប្រភពពីខេត្តព្រះសីហនុនេះ បានចូលរួមជាមួយវិសាខាបាន ១រដូវកាល តែមិនសូវបានបង្ហាញខ្លួននោះទេ មុនចាកចេញពីក្រុមសេះជំទង់នេះ ទៅចូលរួមជាមួយក្លិបអគ្គិសនីកម្ពុជា នៅជើងទី២ ឆ្នាំ២០២០ ។ ដូច្នេះអង្គរថាយហ្គឺរ គឺជាក្លិបទី៣ នៃលីគកំពូលកម្ពុជា ដែល ម៉េងហាវ បានប្រកបអាជីពក្រោយចេញពីសាលាបាល់ទាត់ជាតិបាទី។

គួរបញ្ជាក់ថា មកទល់ពេលនេះ ក្លិបអង្គរថាយហ្គឺរ ទើបប្រកាសនាំចូលកីឡាករថ្មីបាន ៣រូបប៉ុណ្ណោះ រួមមានអ្នកចាំទី ជា វណ្ណសាក់, ខ្សែបម្រើ ឡុង ម៉េងហាវ និងខ្សែប្រយុទ្ធសញ្ជាតិតុងហ្គា ATA Inia ពោលគឺមិនទាន់តុល្យភាពជាមួយកីឡាករ ដែលក្លិបបានប្រកាសចែកផ្លូវគ្នាកាលពីថ្មីៗ រហូតដល់ ១១នាក់នោះទេ៕