(ភ្នំពេញ)៖ ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យដ៏ល្បីឈ្មោះ CSA Real Estate Group ដែលមានគម្រោងជាច្រើននៅក្នុងដៃ បានសម្រេចធ្វើការចុះអនុស្សរណៈយោគយល់ (MOU) ជាមួយក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យលំដាប់អន្តរជាតិធំៗចំនួន២ រួមមានក្រុមហ៊ុន CBRE Cambodia និងក្រុមហ៊ុន APi (ATSOLUTIONS) ដើម្បីជំរុញលក់ និងលើកកម្ពស់ទីផ្សារអចលនទ្រព្យនៅកម្ពុជា។

នៅក្នុងពិធីចុះអនុស្សរណៈយោគយល់ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ លោក Alan Neo នាយកប្រតិបត្តិក្រុមហ៊ុន Cambodia Singapore Alliance (CSA) បានថ្លែងថា «ក្នុងនាមជាតំណាងក្រុមហ៊ុន CSA ពិតជាមានភាពរីករាយក្នុងកិច្ចសហការ ជាដៃគូយុទ្ធសាស្ត្រយ៉ាងស៊ីជម្រៅ ជាមួយក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យទាំង២ ដែលសុទ្ធតែមានកេរ្តិ៍ឈ្មោះល្បីល្បាញ និងមានបទពិសោធន៍យូរឆ្នាំនៅក្នុងវិស័យអចលនទ្រព្យជាសកល»

លោក Alan Neo បានបន្តថា «ហេតុផលដែលក្រុមហ៊ុន CSA សម្រេចចិត្តសហការជាដៃគូលក់អចលនវត្ថុស៊ីជម្រៅ ជាមួយក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ CBRE Cambodia និងក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ APi (ATSOLUTIONS) ក៏ព្រោះតែក្រុមហ៊ុនទាំង២ សុទ្ធតែជាក្រុមហ៊ុនជំនាញដ៏ល្បីល្បីឈ្មោះលំដាប់អន្តរជាតិ និងមានបទពិសោធន៍ ក្នុងការលក់នៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា ច្រើនជាង១០ឆ្នាំ និងទទួលបានលទ្ធផលជោគជ័យខ្ពស់។ តាមរយៈកិច្ច ចុះអនុស្សារណៈយោគយល់នៅពេលនេះ ខ្ញុំជឿជាក់ថា ពិតជាអាចធ្វើឲ្យទីផ្សារលក់ ជាពិសេសផ្នែកខុនដូនៅកម្ពុជា ទទួលបានជោគជ័យខ្ពស់ តាមរយៈការបំពេញបន្ថែម ឲ្យគ្នាទៅវិញទៅមក»

លោកបានបញ្ជាក់ថា «អ្វីដែលសំខាន់នៅក្នុងកិច្ចសហការ ជាដៃគូយុទ្ធសាស្ត្រជាមួយក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia និងក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ APi នៅពេលនេះ គឺនៅមានការបំពេញបន្ថែម នូវការចែករំលែកបទពិសោធន៍ និងជំនាញទៅវិញទៅមក តាមរយៈការបណ្តុះបណ្តាលនូវចំណេះដឹង យុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងការលក់នៅលើទីផ្សារ ដែលមានភាពប្រកួតប្រជែងផងដែរ»

នាយិកាប្រចាំប្រទេសក្រុមហ៊ុន CBRE Cambodia លោកស្រី អាន សុធីតា នៅពេលទីផ្សារអចលនទ្រព្យមានការវិវត្ត និងរីកចម្រើន ប្រទេសកម្ពុជា ត្រូវការភ្នាក់ងារអចលនទ្រព្យ ដែលមានជំនាញក៏ដូចជាឈ្មួញកណ្តាលអចលនទ្រព្យ ដែលមានក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់ដើម្បីបម្រើនៅក្នុងទីផ្សារជួរមុខ។

លោកស្រីបានបញ្ជាក់ថា «តាមរយៈកិច្ចសហកាជាដៃគូយុទ្ធសាស្ត្រ រវាងក្រុមហ៊ុន CSA និងក្រុមហ៊ុន CBRE Cambodia ជឿជាក់ថា នឹងនាំមកនូវជោគជ័យខ្ពស់ សម្រាប់ទីផ្សារអចលនទ្រព្យនៅកម្ពុជា នៅពេលបច្ចុប្បន្ន និងបន្តទៅថ្ងៃអនាគត។ ការធ្វើជាដៃគូនេះ បានបង្ហាញឲ្យឃើញថា ខ្លួនជាឧបករណ៍អាជីវកម្ម ដ៏មានឥទ្ធិពលបំផុតមួយក្នុងការដោះស្រាយ និងរាប់រងទីផ្សារជាមួយអតិថិជន ដែលមានការភាពរីកចម្រើនយ៉ាងឆាប់រហ័ស ខណៈពេលដែលសេដ្ឋកិច្ចពិភពលោក ក៏ដូចជានៅក្នុងប្រទេសកម្ពុជាមានសន្ទុះកើនឡើងជាបន្តបន្ទាប់»

ជាមួយគ្នានេះ លោក ឆម ចំរើន ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ APi (ATSOLUTIONS) បានថ្លែងថា «ភាពជាដៃគូយុទ្ធសាស្ត្រ ក្នុងការលក់នៅក្នុងទីផ្សារអចលនទ្រព្យ កំពុងក្លាយជាជម្រើដ៏ប្រសើរ និងឈានមុខនៅពេលបច្ចុប្បន្ននេះ ដែលអាចនាំមកនូវភាពជោគជ័យខ្ពស់ នៅក្នុងទីផ្សារដែលកំពុង តែមានការប្រកួតប្រជែងខ្លាំង»

លោកបន្តថា «APi ដែលមានសម្ព័ន្ធជាង១០ក្រុមហ៊ុន ភ្នាក់ងារដទៃទៀត បានត្រៀមខ្លួនរួចជាស្រេច ជាមួយនឹងបទពិសោធន៍ជោគជ័យជាច្រើនឆ្នាំ នៅក្នុងទីផ្សារ ដែលកំពុងតែមានសក្ដានុពលមួយនេះ ដើម្បីសហការជាដៃគូគ្រប់ជ្រុងជ្រោយ ជាមួយក្រុមហ៊ុន CSA ហើយយើងនឹងជួយបំពេញនូវចន្លោះខ្វះខាត ឲ្យគ្នាទៅវិញទៅមក ដើម្បីធ្វើយ៉ាងអាចជំរុញការលក់ ឲ្យទទួលបានភាពជោគជ័យខ្ពស់ ក៏ដូចជាជួយលើកកម្ពស់វិស័យអចលនទ្រព្យនៅកម្ពុជា ឲ្យកាន់តែមានភាពល្អប្រសើរជាងនេះ បន្ថែមទៀត»