(ភ្នំពេញ)៖ បើនិយាយទៅដល់ កញ្ញា ស៉ឹម ថៃណា ប្រិយមិត្តប្រាកដជានឹកដល់ចម្រៀងមួយបទក្រោមចំណងជើងថា «បេះដូងឆ្កូត» ហើយ ខណៈបទនេះគឺជាចម្រៀងដែលនិយាយពីរឿងរ៉ាវមនុស្សស្រីស្រឡាញ់ភេទដូចគ្នា ហើយក៏ជាចម្រៀងដំបូងបង្អស់នៅក្នុងពិភពចម្រៀង ដែលមានអត្ថន័យពីមនុស្សស្រីបែប Tom Boy ដែរ។ យ៉ាងណាមិញ ក្រោយពីបាត់មុខពីវិស័យសិល្បៈអស់រយៈពេលជាង៣ឆ្នាំ នៅពេលនេះ ស៉ឹម ថៃណា ស្រាប់តែបង្ហាញមុខឡើង ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» ជាមួយនឹងការបញ្ជាក់ច្បាស់ៗប្រាប់មហាជនថា នាងមិនមែនស្រឡាញ់ភេទដូចគ្នា ដូចទៅនឹងអត្ថន័យក្នុងបទចម្រៀង «បេះដូងឆ្កូត» ដែលល្បីកាលពីជាង១០មុននោះទេ។

ជាការកត់សម្គាល់ តាមរយៈចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» របស់ទូរទស្សន៍ Fresh News កញ្ញា ស៉ឹម ថៃណា បានបកស្រាយចម្រៀងជាច្រើន ដែលមហាជន ជាពិសេសអ្នកគាំទ្រនឹងសង្ស័យតាំងពីដើមរហូតមក ថាស្រឡាញ់ភេទដូចគ្នានោះ។ នាងបញ្ជាក់ថា តាមពិតទៅបេះដូងរបស់នាងគឺស្រឡាញ់បុរស ពោលគឺមិនដូចបទចម្រៀង «បេះដូងឆ្កូត» ដែលថាស្រឡាញ់ភេទដូចគ្នាទេ។ នាងថា ក្នុងនាមជាតារាចម្រៀង គឺមិនចេះប្រកាន់អត្ថន័យបទចម្រៀងឡើយ ពោលគឺច្រៀងបានគ្រប់អត្ថន័យ បើទោះបីជាបញ្ចេញទៅមានមហាជនយល់ច្រឡំក្តី អ្វីដែលសំខាន់គឺដឹងពីខ្លួនឯងច្បាស់។

ឆ្លើយតបនឹងការសាកសួរពីសំណាក់ពិធីករក្នុងកម្មវិធីនោះ ស៉ឹម ថៃណា បានសង្កត់ធ្ងន់ថា បទចម្រៀងមួយនេះ គឺត្រូវបានបញ្ចេញតាំងពីឆ្នាំ២០០៩ មកម្ល៉េះ ហើយរហូតមកទល់នឹងបច្ចុប្បន្ន គឺនៅតែមានទស្សនិកជន និងបងប្អូនខ្មែរ សំណូមពរឲ្យនាងបកស្រាយ ពេលចេញច្រៀងតាម Pub។ តែយ៉ាងណា ដោយសារតែចម្រៀងមួយបទនេះ ធ្វើឲ្យនាងក្លាយជាក្រមុំចាស់រហូតមកទល់នឹងបច្ចុប្បន្ន។

ងាកមករឿងបាត់ខ្លួនអស់រយៈពេលជាង៣ឆ្នាំ ពីសិល្បៈវិញ ត្រូវបាន ស៉ឹម ថៃណា បង្ហាញថា មូលហេតុដោយសារតែនាងមានការឡើងគីឡូខ្លាំង ធ្វើឲ្យគ្មានភាពជឿជាក់ក្នុងការចេញទៅក្រៅ ឬចូលរួមកម្មវិធីសិល្បៈនានា។ រហូតមកទល់នឹងពេលនេះ ទើបធ្វើការសម្រកគីឡូបានសម្រេច និងស្លៀកពាក់ទៅសមសួន ទើបសម្រេចចិត្តបង្ហាញមុខជាថ្មី ដោយសង្ឃឹមថា នឹងមានការគាំទ្រច្រើនពីទស្សនិកជនដដែល។

គួរជម្រាបថា បច្ចុប្បន្ន ស៉ឹម ថៃណា គឺជាតារាចម្រៀងឯករាជ្យម្នាក់ ដែលបញ្ចេញតែបទ Original Song ប៉ុណ្ណោះ ពោលគឺនាងមុនស្ថិតក្រោមចំណុះរបស់ផលិតកម្មណាមួយឡើយ។ បន្ថែមពីនេះ នាងក៏ជាតារាចម្រៀងក្នុង Pub ម្នាក់ផងដែរ៕