(ភ្នំពេញ)៖ លោក យឹម តាស្រង់ នាយកចាត់ការទូទៅផលិតកម្ម Galaxy Navatra បានចេញមុខបដិសេធ និងទាត់ចោលព័ត៌មានចរចាមអារ៉ាម ដែលថា ផលិតកម្មរបស់ខ្លួន បានបង្កើតក្រុមបាល់ទាត់មួយ ដើម្បីចូលរួមប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១៥ (ថ្នាក់ខេត្ត) នារដូវកាលថ្មី ឆ្នាំ២០២១ ខាងមុខ។
ប្រតិកម្មរបស់តំណាងផលិតកម្មខាងលើ ក្រោយមានអ្នកគាំទ្រវិស័យបាល់ទាត់ និងអ្នកសិល្បៈមួយចំនួន បានដាក់ការសង្ស័យ រហូតឈានដល់ការអបអរសាទរលើបណ្ដាញសង្គម ដែលថា ផលិតកម្ម Galaxy Navatra មានជាប់ពាក់ព័ន្ធនឹងក្រុមបាល់ទាត់មួយឈ្មោះ “ភ្នំពេញហ្គាឡាក់ស៊ី” ដែលបានចុះឈ្មោះត្រៀមចូលរួមប្រកួតពានរង្វាន់សម្ដេចតេជោនាយករដ្ឋមន្ដ្រី នារដូវកាលក្រោយ ។
ក្រោយផ្ទុះព័ត៌មានចរចាមអារ៉ាមដ៏រសើបនេះ លោក យឹម តាស្រង់ ក៏បានចេញមុខបកស្រាយយ៉ាងខ្លីថា «ផលិតកម្ម Galaxy Navatra មិនមានបង្កើតក្រុមបាល់ទាត់អ្វីនោះទេ ហើយផលិតកម្មរបស់យើង ក៏មិនមានជាប់ពាក់ព័ន្ធអ្វីជាមួយក្រុមបាល់ទាត់ភ្នំពេញហ្គាឡាក់ស៊ី ហ្នឹងដែរ ។ សូមបងប្អូនអ្នកគាំទ្រ កុំមានការយល់ច្រឡំ...» ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែធ្នូម្សិលមិញ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា(CNCC) បានប្រកាសសេចក្ដីជូនដំណឹងមួយ សម្ដីពីថ្ងៃផុតកំណត់ឈប់ទទួលពាក្យចូលរួមប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១៥ (ថ្នាក់ខេត្ត) ឆ្នាំ២០២១ ហើយគណៈកម្មការបានទទួលពាក្យក្រុមចុះឈ្មោះសរុប ២១ រាជធានី-ខេត្ត ។
ប៉ុន្ដែអ្វីដែលគួរឲ្យចាប់អារម្មណ៍ ក្នុងចំណោម ២១ក្រុមខាងលើ គឺមានក្រុមចំណូលថ្មីមួយឈ្មោះថា “ភ្នំពេញហ្គាឡាក់ស៊ី” ដែលនាំឲ្យមានអ្នកគាំទ្រមួយចំនួនយល់ច្រឡំថា ក្រុមបាល់ទាត់នេះ មានពាក់ព័ន្ធជាមួយផលិតកម្ម Galaxy Navatra រហូតមានអ្នកខ្លះយកខ្លឹមសារនេះ ទៅភ្ជាប់ជាមួយលោកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជាម្ចាស់ផលិតកម្មទៀតផង ។
ក្រឡេកមកចាប់អារម្មណ៍ការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ឆ្នាំក្រោយវិញ ទោះបីមានក្រុមចុះឈ្មោះសរុប ២១ក្រុមក៏ពិតមែន តែគណៈកម្មការនឹងចុះត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធ ទីលានប្រកួត របស់ក្រុមនីមួយៗ បើមានលក្ខណៈគ្រាប់គ្រាន់ ទើបក្រុមនីមួយៗ មានសិទ្ធចូលរួមប្រកួត តែបើក្រុមណាមួយមានលក្ខណៈមិនគ្រប់គ្រាន់ គណៈកម្មការរៀបចំការប្រកួត នឹងមិនអនុញ្ញាតឲ្យចូលរួមប្រកួតឡើយ៕