(ភ្នំពេញ)៖ លោក Conor Nestor គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បានផ្ញើសារមួយទៅកាន់អ្នកគាំទ្រ បន្ទាប់ពីកីឡាករស្នូល និងមានបទពិសោធជាច្រើនបានចាកចេញទៅក្លិបផ្សេង ដោយលោកអះអាងថា នេះគឺជាការសម្រេចចិត្តរបស់ខ្លួន តែមិនមានក្លិបចង់សន្សំសំចៃថវិកានោះទេ។

លោកបញ្ជាក់ថា ទាំងការចាកចេញ និងនាំចូល សុទ្ធតែជារឿងសាមញ្ញក្នុងបាល់ទាត់ អ្វីដែលសំខាន់រាល់ការចាកចេញ គឺផ្ដោតលើផលល្អទាំងសងខាង ជាក់ស្ដែងកាលពីដើមរដូវកាលឆ្នាំ២០១៩ ស្វាយរៀងបានឲ្យកីឡាកររហូតដល់ ១០រូបចាកចេញ គ្រាដែលនៅចុងឆ្នាំដដែល ក្លិបបានគ្រងជើងឯកលីគកំពូលកម្ពុជាជាដើម។

គ្រូបង្វឹកសញ្ជាតិអៀរឡង់រូបនេះបន្ដថា «ពិតជារឿងសាមញ្ញក្នុងបាល់ទាត់ ដែលមានកីឡាករចេញ ហើយចូល។ អ្វីដែលខ្ញុំចង់ផ្ញើសារទៅកាន់អ្នកគាំទ្ររបស់យើង ការសម្រេចចិត្ត គឺលើខ្ញុំ មិនមែនជារឿងដែលក្លិបសន្សំសំចៃថវិកាទេ។ នេះជាការសម្រេចរបស់គ្រូបង្វឹក ដែលផ្អែកលើកីឡាករ ដែលចាកចេញមិនបានជាប់ក្នុងជម្រើស ១១នាក់ដំបូងល្អបំផុត»

លោកថា «យើងគិតថា ដើម្បីផលល្អក្នុងការអភិវឌ្ឍន៍ក្រុមកីឡាករ ក៏អនុញ្ញាតឲ្យគាត់ទៅលេងនៅក្លិបផ្សេង ក៏ដូចជាផ្ដល់ឱកាសល្អសម្រាប់អនាគតរបស់ពួកគាត់ ព្រោះពួកគេដល់ចំណុចដែលត្រូវប្រកួតរាល់សប្ដាហ៍។ ដូច្នេះនេះជាការសម្រេចចិត្តដែលគិតថា ល្អបំផុតសម្រាប់អ្នកគ្រប់គ្នា ជាពិសេសកីឡាករ តាមរយៈទស្សនៈវិស័យផ្ទាល់ខ្លួន។ ចំណុចដែលសំខាន់បំផុត គឺការអភិវឌ្ឍន៍របស់ក្លិបាល់ទាត់ទាំងមូល»

ម្យ៉ាងការរុះរើកីឡាករដ៏ច្រើននេះ ក៏ដើម្បីផ្ដល់ឱកាសឲ្យកីឡាករវ័យក្មេង និងទិសដៅឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាដែរ។ លោកថា «...យើងត្រូវរៀបចំផែនការសម្រាប់កីឡាករវ័យក្មេង បានឱកាសលេងក្នុងក្រុមធំ ពីព្រោះតែឆ្នាំ២០២៣ ស៊ីហ្គេមនឹងមកដល់។ ដូច្នេះក្នុងនាមជាក្លិបបាល់ទាត់ យើងចង់ឲ្យកីឡាកររបស់យើងទៅលេងតំណាងឲ្យប្រទេសកម្ពុជា ដើម្បីឈ្នះមេដាយ»

គួរបញ្ជាក់ថា ក្រោយចប់រដូវកាលឆ្នាំ២០២០ ក្លិបព្រះខ័នរាជស្វាយរៀង បានប្រកាសអំពីការចាកចេញរបស់កីឡាករល្អៗជាច្រើន ទាំងកីឡាករខ្មែរ និងបរទេស ដែលធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល ពិសេសកីឡាករក្នុងស្រុកជាដើមរួមមាន នេន សុធារដ្ឋ, ណុប តុលា និង សំអឿន ពិដោរ (ខ្ចីជើង) ផ្ទេរទៅក្លិបណាហ្គាវើលដ៏។ អ្នកចាំទី អោម ឧត្តម ផ្ទេរទៅវិសាខា ក្រោមលក្ខខណ្ឌខ្ចីជើង និងកីឡាករ ឈិន ឈឿន ត្រឡប់ទៅក្លិបចាស់កងយោធពលខេមរភូមិន្ទវិញ៕