(ដកម៉ាន់)៖ ក្លិបបាល់ទាត់ Borussia Dortmund បានសម្រេចបញ្ចប់តួនាទីរបស់លោក Lucien Favre ពីអ្នកចាត់ការទូទៅ ក្រោយទទួលលទ្ធផលចាញ់ក្រុមភ្ញៀវ Stuttgate ដល់ទៅ ៥-១ ក្នុងលីគកំពូលអាល្លឹម៉ង់កាលពីរាត្រីថ្ងៃសៅរ៍សប្តាហ៍មុន។

តាមរយៈព័ត៌មានពីគេហទំព័រកីឡា BBC បានចេញផ្សាយនៅថ្ងៃចន្ទ ទី១៤ ខែធ្នូ ឆ្នាំ២០២០ នេះថា លោក Favre ដែលបានដឹកនាំ Dortmund កាលពីឆ្នាំ២០១៨ មកនោះ បានធ្វើឲ្យ Dortmund ចាញ់ដល់ទៅ ៣ប្រកួតក្នុងចំណោមលេង ៥ប្រកួតក្នុងលីគរដូវកាលថ្មីនេះធ្វើឲ្យអតីតក្រុមរងជើងឯករដូវកាលមុនមួយនេះ ធ្លាក់ទៅឈរនៅលេខរៀងទី៥ បណ្តោះអាសន្ន ចាញ់ក្រុមការពារតំណែងជើងឯក Bayern Munich កើនដល់ ៥ពិន្ទុ។

តែយ៉ាងណា បុរសជនជាតិស្វីស វ័យ ៦៣ឆ្នាំខាងលើនេះ បានដឹកនាំ Borussia Dortmund ឡើងទៅវគ្គ ១៦ក្រុមចុង ក្រោយជាស្ថាពរហើយដែលត្រូវបានចាប់ឆ្នោតនាថ្ងៃចន្ទនេះ។

Dortmund នឹងតែងតាំងជំនួសការ Edin Terzic ជាគ្រូបង្គោលបណ្តោះអាសន្នរហូតដល់ចប់រដូវកាលឆ្នាំ២០២០-២០២១ នេះ ដ្បិតលោក Favre បានចូលមកដឹកនាំ Borussia Dortmund កាលពីអំឡុងខែកក្កដា ឆ្នាំ២០១៨ ក្រោយលាឈប់ពីក្លិប Nice ពីលីគកំពូល Ligue 1 របស់បារាំង៕