(ក្រុងឡុងដ៍)៖ ការប្រជែងយក ៣ពិន្ទុរបស់ក្រុមខ្លាំងឈរកំពូលតារាងលីគអង់គ្លេស Premier League រដូវកាលនេះក្នុងសប្តាហ៍ទី១២ របស់ក្រុមមាន់ខ្នាយមាស Tottenham Hotspur និងក្រុមហង្សក្រហម Liverpool ដែលមាន ២៥ពិន្ទុដូចគ្នា ក្រោយចែកគ្នាម្នាក់ ១ពិន្ទុជាមួយ Crystal Palace និង Fulham នៅរាត្រីថ្ងៃអាទិត្យ។

ក្រុមលោក Jose Mourinho បានត្រឹមខកចិត្ត បន្ទាប់ពីរកបានតែ ១ពិន្ទុជាមួយម្ចាស់ផ្ទះ Crystal Palace បន្ទាប់ពីរកគ្រាប់តាមស្មើវិញរបស់ខ្សែបម្រើ Schlupp នៅនាទី៨១ នៅពេលខ្សែប្រយុទ្ធឆ្នើម Harry Kane រកបាននាំមុខតាំងពីនាទីទី២៣ នៃវគ្គទី១ មក។ លោក Jose បានលើកឡើងក្រោយចប់ការប្រកួតថា «ខ្ញុំមិនស្តីបន្ទោស ចំពោះអ្នកចាំទី Hugo Lloris ពីការធ្វេសប្រហែសឲ្យបាត់បង់ ៣ពិន្ទុនៅនាទីចុងម៉ោងនោះឡើយ និងបានចាត់ទុកថា គេជាកីឡាករល្អនៅ Premier League របស់ខ្ញុំ»។

ក្នុងនោះដែរ Liverpool ដែលជាក្រុមការពារតំណែងជើងឯក បានត្រឹមសោកស្តាយ ក្រោយពេលដែលបញ្ចប់លទ្ធផល ១-១ ជាមួយក្រុមម្ចាស់ផ្ទះ Fulham ដែលត្រូវគេនាំមុខតាំងពីនាទី២៥ ដោយកីឡាករ Bobby Reid និងត្រូវរង់ចាំការសម្រេចបាល់ពិន័យ ១១ម៉ែត្ររបស់ខ្សែប្រយុទ្ធ Mohamed Salah នៅនាទី៧៩ ពេលដែលក្រុមខ្លាំងកំពូលតារាងត្រូវប្រជែងគ្នាយ៉ាងស្វិតស្វាញនៅសប្តាហ៍ទី១៣ ដើម្បីសម្រេចម្ចាស់កំពូលតារាងបណ្តោះអាសន្ន៕