(អាមេរិក)៖ តារាចម្រៀងអាមេរិក លោក Charley Pride ជាកូនប្រុសរបស់ Mississippi Sharecropper ត្រូវបានគេដឹងថា បានក្លាយជាកំពូលតារាចម្រៀងផ្នែកតន្រ្តីស្រុកស្រែដំបូងគេ ដោយមានទស្សនិកជនគាំទ្រចម្រៀងរបស់លោកខ្លាំង។ តែយ៉ាងណា នាពេលថ្មីៗនេះ មានសេចក្តីរាយការណ៍ថា លោកបានស្លាប់នៅក្នុងមន្ទីរពេទ្យមួយកន្លែង ក្នុងវ័យ៨៦ឆ្នាំ ដោយសារកូវីដ១៩។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Straits Times នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០។

បើតាមប្រភពបានឲ្យដឹងថា កំពូលតារាចម្រៀងស្បែកខ្មៅ ដ៏មានប្រជាប្រិយភាពរូបនេះ បានស្លាប់ក្នុងវ័យ ៨៦ឆ្នាំ កាលពីពេលថ្មីៗនេះ ក្នុងមន្ទីរពេទ្យមួយកន្លែង នៅតំបន់ Dallas។ មូលហេតុនៃការស្លាប់របស់លោក គឺបណ្តាលមកពីជំងឺកូវីដ១៩ ដែលកំពុងតែរាតត្បាតពាសពេញពិភពលោក។

ជាការកត់សម្គាល់ Pirde មិនមែនជាសិល្បករស្បែកខ្មៅដំបូង ដែលបកស្រាយចម្រៀងបែបស្រុកស្រែនោះទេ ប៉ុន្តែគ្មាននរណាម្នាក់ ក្នុងចំណោមសិល្បកររួមជំនាន់ជាមួយលោក ទទួលបានភាពល្បីល្បាញ និងជោគជ័យខ្លាំង ដូចជារូបលោកនោះឡើយ។

គួរជម្រាបថា Pride កើតនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ ១៩៣៤ ក្នុងទីក្រុង Sledge រដ្ឋ Mississippi។ លោកបានចូលបម្រើកងទ័ពនៅអាមេរិក មុនពេលផ្លាស់ទៅ Montana ដើម្បីធ្វើជាកីឡាករបាល់ទាត់។ យ៉ាងណាមិញ លោកបានចាប់ផ្តើមអាជីពថតសំឡេងក្នុងឆ្នាំ ១៩៦៣ ហើយពីរឆ្នាំក្រោយមក ក៏បានចុះកុងត្រាជាមួយ RCA Record។

រហូតដល់ឆ្នាំ ១៩៦៧ ចម្រៀងរបស់លោកក្រោមចំណងជើងថា «Just Between You and Me» មានការគាំទ្រយ៉ាងខ្លាំង ដោយហក់ដល់ចំណាត់ថ្នាក់កំពូលទាំង១០ នៅលើតារាងចម្រៀង Billboard បន្ទាប់មកលោកត្រូវបានគេដឹងថា ហាក់ស្ងប់ស្ងាត់ពីអាជីពមួយនេះវិញ៕