(បរទេស)៖ ពិធីបុណ្យ Thanksgiving គឺជាទិវាបុណ្យជាតិមួយរបស់សហរដ្ឋអាមេរិក ហើយបុណ្យ Thanksgiving ឆ្នាំ២០២០ ត្រូវបានប្រារព្ធឡើងកាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា។ ពិធីបុណ្យនេះត្រូវគេចាត់ទុកថា មានដើមកំណើតដំបូងកាលពីឆ្នាំ១៦២១ ក្នុងទម្រង់ជាពិធីជប់លៀងក្នុងឱកាសប្រមូលផលដំណាំរួចនារដូវស្លឹកឈើជ្រុះ ដែលរៀបចំឡើងនៅក្រុមអ្នកតាំងអាណានិគមអង់គ្លេស នៅក្រុងភ្លីម៉ោស (Plymouth) និងក្រុមកុលសម្ព័ន្ធជនជាតិដើមអាមេរិក វ៉ាមផាណូអាក (Wampanoag)។

អស់រយៈពេលជាងពីរសតវត្សរ៍មកនេះ ពិធីបុណ្យ Thanksgiving នេះត្រូវបានធ្វើការប្រារព្ធឡើងរៀងៗខ្លួនតាមអាណានិគមនិងរដ្ឋនីមួយៗ។ ទាល់តែមកដល់ឆ្នាំ១៨៦៣ អំឡុងសង្គ្រាមស៊ីវិលអាមេរិក ទើបលោកប្រធានាធិបតី អាប្រាហាម លីនខូន (Abraham Lincoln) បានចេញសេចក្ដីប្រកាសកំណត់យកថ្ងៃ Thankgiving រួមមួយ ដែលត្រូវប្រារព្ធឡើងក្នុង ខែវិច្ឆិកាជារៀងរាល់ឆ្នាំ។

* ប្រវត្តិពិធី Thanksgiving នៅក្រុង Plymouth

កាលពីខែកញ្ញា ឆ្នាំ១៦២០ កូនសំពៅមួយដែលមានឈ្មោះថា Mayflower រួមជាមួយនឹងអ្នកដំណើរប្រមាណជាង ១០២នាក់ បានចាកចេញពីទីក្រុង Plymouth របស់អង់គ្លេស ដើម្បីស្វែងរកទីជម្រកថ្មីនៅទ្វីបអាមេរិក ដែលសម័យនោះត្រូវពួកអឺរ៉ុបចាត់ទុកជា ដែនដីថ្មីដ៏សន្លាងមួយ។

ក្នុងការធ្វើដំណើរឆ្លងសមុទ្រដ៏លំបាកអស់រយៈពេលជាច្រើនសប្តាហ៍ ពួកគេបានមកដល់ដែនដីថ្មីហើយចាប់ផ្តើមកសាងទីលំនៅថ្មីរបស់ខ្លួន ហៅថាក្រុង Plymouth គឺដូចឈ្មោះទីក្រុងដែលពួកគេបានចាកចេញពីអង់គ្លេសយ៉ាងដូច្នោះ។ យោងតាមកំណត់ត្រាប្រវត្តិសាស្រ្តអាមេរិក អ្នកតាំងអាណានិគមអង់គ្លេសទាំងនោះ បានទទួលការស្វាគមន៍ពីក្រុមជនជាតិដើមអាមេរិក។

ចំពោះមុខដែនដីដ៏ថ្មីសន្លាងដែលពួកគេមិនធ្លាប់ស្គាល់ អ្នកតាំងអាណានិគមទទួលបានការបង្ហាត់បង្រៀនឲ្យដាំដុះនិងប្រមូលផលផ្លែពោត ចាប់ត្រីក្នុងទន្លេ និងចៀសវាងពីរុក្ខជាតិពុលជាដើម។ មិនតែប៉ុណ្ណោះពួកគេក៏បានផ្សាភ្ជាប់ទំនាក់ទំនងរឹងមាំជាមួយកុលសម្ព័ន្ធឈ្មោះថា Wampanoag ផងដែរ។

នៅឆ្នាំ១៦២១ បន្ទាប់ពីជោគជ័យនៃការប្រមូលភោគផលដំណាំពោតលើកដំបូងនៅដែនដីថ្មី លោកអភិបាល វីលាម ប្រេដហ្វដ (William Bradford) បានរៀបចំកម្មវិធីហូបអាហារអបអរមួយ ហើយបានអញ្ជើញបណ្តាកុលសម្ព័ន្ធជនជាតិដើមអាមេរិក ដែលជាសម្ព័ន្ធមិត្តរបស់ក្រុងអាណានិគមទើបបង្កើតថ្មីនេះ ក្នុងនោះព្រមទាំងពីមេកុលសម្ព័ន្ធ Wampanoag ផងដែរ។

ព្រឹត្តិការណ៍នោះ ត្រូវមនុស្សភាគច្រើនចាត់ទុកជាថ្ងៃបុណ្យ Thanksgiving ដំបូងបង្អស់របស់សហរដ្ឋអាមេរិក ប៉ុន្តែពាក្យ Thanksgiving នេះ ប្រហែលជាមិនទាន់ត្រូវបានប្រើប្រាស់ជាផ្លូវការពេលនោះទេ ហើយវាប្រព្រឹត្តទៅរយៈពេលពេលបីថ្ងៃ ហើយមានមុខម្ហូបអ្វីខ្លះ ក៏គេមិនបានដឹងច្បាស់ដែរ។

* ពិធីបុណ្យ Thanksgiving ក្លាយជាទិវាជាតិមួយរបស់អាមេរិក

អំឡុងនិងក្រោយសម័យបដិវត្តន៍អាមេរិក ថ្ងៃ Thanksgiving បានចាប់ផ្តើមមានការទទួលស្គាល់បន្តបន្ទាប់ពីរដ្ឋាភិបាលនៃសហរដ្ឋអាមេរិក។ នៅឆ្នាំ១៨១៧ ញូយ៉កបានស្ថិតក្នុងចំណោមរដ្ឋដំបូងៗ ដែលបានអនុម័តឲ្យមានថ្ងៃឈប់សម្រាក Thanksgiving ប្រចាំឆ្នាំ ប៉ុន្តែវាប្រារព្ធឡើង នៅថ្ងៃខុសៗគ្នា ហើយទំនៀមទម្លាប់ Thanksgiving នេះ មិនទាន់ត្រូវបានស្គាល់ទូលំទូលាយនៅតំបន់ភាគខាងត្បូងសហរដ្ឋអាមេរិកនៅឡើយទេ។

មកដល់ឆ្នាំ១៨៦៣ ស្របពេលដែលសង្រ្គាមស៉ីវិលស្ថិតក្នុងដំណាក់កាលក្តៅគគុកបំផុត លោក Abraham Lincoln បានកំណត់យកថ្ងៃព្រហស្បតិ៍ក្នុងសប្ដាហ៌ចុងក្រោយបំផុតនៃខែវិច្ឆិការ សម្រាប់ប្រារព្ធពិធីបុណ្យ Thanksgiving ហើយវាត្រូវបានអនុវត្តតៗមកជារៀងរាល់ឆ្នាំរហូតមកទល់ឆ្នាំ១៩៣៩ នៅពេលលោក ហ្រ្វេងឃ្លីន ឌី រ៉សស៊្វែល (Franklin D. Roosevelt) រំកិលថ្ងៃបុណ្យនេះមកខាងមុខមួយសប្តាហ៍វិញ។

លោក Roosevelt បានធ្វើយ៉ាងដូច្នោះក្នុងគោលបំណងចង់ជំរុញឲ្យមានសន្ទុះនៃការទិញទំនិញ អំឡុងវិបត្តិសេដ្ឋកិច្ចសកល Great Depression។ ប៉ុន្តែគម្រោងរបស់លោក Roosevelt ទទួលបានការប្រឆាំងយ៉ាងខ្លាំងខ្លា។ លុះក្រោយមកនៅក្នុងឆ្នាំ១៩៤១ លោក Roosevelt បានបង្ខំចិត្តចុះហត្ថលេខាលើច្បាប់ ដែលកំណត់យកថ្ងៃព្រហស្បតិ៍ក្នុងសប្តាហ៍ទីបួននៃខែវិច្ឆិកា ធ្វើជាថ្ងៃនៃការប្រារព្ធពិធីបុណ្យ Thanksgiving ដូចដើមវិញ។

* ប្រពៃណីនិងទំនៀមទម្លាប់នៃការរៀបចំបុណ្យ Thanksgiving

បច្ចុប្បន្ន គេសង្កេតឃើញថាពិធីបុណ្យ Thanksgiving ផ្តោតជាសំខាន់ទៅលើការជួបជុំពិសាអាហារជាមួយក្រុមគ្រួសារឬមិត្តភក្តិ ដែលហាក់បានបាត់បង់ភាគច្រើននៃអត្តសញ្ញាណដំបូងនៃពិធីបុណ្យនេះ។ ពាក់ព័ន្ធនឹងមុខម្ហូបវិញគឺសត្វមាន់តួកគី (Turkey) ជាគ្រឿងសម្គាល់ដ៏លេចធ្លោប្រចាំពិធីបុណ្យ Thanksgiving។ ប្រជាជនអាមេរិកខ្ទង់៩០ភាគរយ តែងនាំគ្នាបរិភោគសត្វមាន់នេះ នៅថ្ងៃ Thanksgiving អមជាមួយម្ហូបអាហារប្រពៃណីមួយចំនួនទៀត ការដង្ហែក្បួនព្យុហយាត្រាក៏បានក្លាយជាផ្នែកដ៏សំខាន់មួយនៃពិធីបុណ្យនេះផងដែរ នៅតាមទីក្រុងនិងទីប្រជុំជនទូទាំងសហរដ្ឋអាមេរិក។

ដោយសារសម័យឥឡូវ សមាជិកគ្រួសារភាគច្រើនរស់នៅឆ្ងាយៗពីគ្នា បុណ្យ Thanksgiving បានក្លាយជាឱកាសដ៏សំខាន់ប្រចាំឆ្នាំសម្រាប់ ឲ្យពួកគេមានពេលវេលាជួបជុំគ្នាយ៉ាងហោចមួយឆ្នាំម្តង។ មួយវិញទៀត ពិធីបុណ្យនេះឥឡូវក៏បានបើកទូលាយឲ្យជនអន្តោប្រវេសន៍ មិនថាសាវតារមកពីណាឡើយ គឺមានឱកាសចូលរួមប្រារព្ធបានគ្រប់ៗគ្នា។

គួរបញ្ជាក់ថា នៅឯប្រទេសកាណាដាឯណោះវិញ ក៏មានថ្ងៃ Thanksgiving ដូចគ្នាដែរ ដែលមានប្រភពចេញមកតាំងពីសម័យអាណានិគម ប៉ុន្តែប្រារព្ធពេលខុសគ្នា គឺបុណ្យ Thanksgiving នៅកាណាដាធ្វើឡើងជារៀងរាល់ថ្ងៃចន្ទក្នុងសប្តាហ៍ទីពីរ នៃខែតុលា៕